(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានចុះបង្ក្រាបបទល្មើសជលផលនៅបឹងប្រាំង បឹងគ្រូឆៃអេង និងទំនាបលិចទឹកជ្រោយវែង ក្នុងឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ។

ប្រតិបត្តិការនេះដឹកនាំដោយ លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង ដែលមានការចូលរួមពី មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ និងផ្នែករដ្ឋបាលជលផលព្រែកប្រសព្វ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកឆ្លូង ក្រុមប្រឹក្សាឃុំកញ្ជរ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកញ្ជរ ព្រមទាំងសហគមន៍នេសាទពាក់ព័ន្ធ។

លោក ម៉ុក់ ពន្លក នាយខណ្ឌរដ្ឋបាលជលផលក្រចេះ បានឲ្យដឹងថា ក្នុងប្រត្តិបត្តការបង្រ្កាបនោះកម្លាំងចម្រុះ បានធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទល្មើសច្បាប់រួមមាន៖ របាំងស្បៃមុងចំនួន២៩ខ្សែ ប្រវែង៨៥០ម៉ែត្រ, លូស្បៃមុងចំនួន៣២មាត់លូ, របាំងរ៉ាវ ចំនួន៣ខ្សែ ប្រវែង៤៥០ម៉ែត្រ, លបរ៉ាវ ចំនួន៣គ្រឿង ប្រវែង២៥០ម៉ែត្រ, បង្គោលចម្រឹងឫស្សី ចំនួន៨០ដើម និងចាក់លែងត្រីចម្រុះទម្ងន់២៥គីឡូក្រាម ចូលទៅក្នុងដែនទឹកធម្មជាតិវិញ។

លោកនាយខណ្ឌ បានបញ្ជាក់ទៀតថា ក្នុងនាមសមត្ថកិច្ចជំនាញ សូមអំពាវនាវដល់ប្រជានេសាទទាំងអស់ កុំឲ្យពួកគាត់ប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជាឆក់ ស្បៃមុង ដែលបំផ្លាញធនធានជលផលធ្ងន់ធ្ងរ សូមឲ្យពលរដ្ឋនេសាទជាលក្ខណៈគ្រួសារ ដើម្បីរក្សាធនធានឲ្យមាននិរន្តភាពសម្រាបបច្ចប្បន្នទៅអនាគត។

បើទោះបីជានេះជារដូវបើកនេសាទហើយក្ដី ក៏ប៉ុន្តែឧបករណ៍នេសាទរួមមាន ឆក់ត្រី ឧបករណ៍នេសាទស្បៃមុង ឧបករណ៍នេសាទគ្រឿងផ្ទុះ និងប្រើប្រាស់ថ្នាំបំពុល គឺជាឧបករណ៍ដែលច្បាប់ហាមឃាត់ជាដាច់ខាត មិនអនុញ្ញាត្តឲ្យប្រើប្រាស់ឡើយ។ បើសិននៅតែប្រព្រឹត្តនឹងទទួលទោសទៅតាមផ្លូវច្បាប់ស្ដីពីជលផល៕