(សៀមរាប)៖ លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ចំនួន៥១គ្រួសារ ស្ថិតនៅបរិវេណវត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

នាឱកាសនោះដែរ លោក គុជ លីណា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជា លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដោយបន្ទាប់ពី បានទទួលទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋាន លោកប្រធានគណៈកម្មាធិការសាខា បានចាត់ក្រុមការងារ ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនផងដែរ។

លោក គុជ លីណា បានសម្ដែងនូវការសោកស្ដាយជាពន់ពេកចំពោះការលិចលង់ និងការប៉ះពាល់ដល់ទ្រព្យសម្បត្តិ ផ្សេងៗ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ទោះបីជាអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូននាពេលនេះ មិនច្រើនក៏ពិតមែន តែអាចជួយសម្រាលទុក្ខលំបាករបស់ប្រជាលរដ្ឋបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល និងទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

សូមបញ្ជាក់ថា​ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូននេះរួមមាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, មុង១, ភួយ១, សារុង និងថវិកា ៥ម៉ឺនរៀលផងដែរ៕