(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំ ពិធីសំណេះសំណាល និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សរាជធានី។

ពិធីនេះក៏មានការចូលរួមជាគណៈអធិបតីពីសំណាក់អនុប្រធានក្រុមការងារយុវជនគណបក្សរាជធានីរួមមាន៖ លោក សំហេង បុរស, លោក ហួត ហៃ និងលោក វ៉ា សុធា និងវត្តមានអញ្ជើញចូលរួមក្នុងអង្គពិធីពីសំណាក់ លោក-លោកស្រី គណៈអចិន្ត្រៃយ៍ ប្រធាន-អនុប្រធានផែន នៃក្រុមការងារយុវជនគណបក្សរាជធានី, ប្រធានក្រុមការងារយុវជនគណបក្សខណ្ឌទាំង១៤, ប្រធានក្រុមការងារយុវជនសង្កាត់ទាំង១០៥ និងមន្រ្តីបង្គោល នៃយុវជនគណបក្សខណ្ឌ សរុបចំនួនជាង៣០០នាក់។

នៅក្នុងការផ្សព្វផ្សាយនេះ មានការអានសេចក្តីណែនាំស្តីពីការងារអាទិភាពចំពោះមុខសម្រាប់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ និងគ្រប់ផ្នែកអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដោយលោក សំហេង បុរស អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី។

នាឱកាសនោះ លោក នួន ផារ័ត្ន ប្រធានក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស។ លោកបានជំរុញប្រធានយុវជនគណបក្សសង្កាត់ទាំង១០៥ របស់រាជធានីភ្នំពេញ ដឹកនាំចលនាផ្សារភ្ជាប់ជាមួយមហាជន ព្រមទាំងបានជម្រាបជូនសមាជិក-សមាជិកាជាមន្រ្តីគណបក្សនៅមូលដ្ឋាន ដែលបានអញ្ជើញចូលរួមក្នុងអង្គពិធី អំពីការវិវត្តន៍ នៃការងារចលនាមហាជនរបស់គណបក្ស សម្រាប់ជាធាតុចូល បន្ថែមជូនដល់សមាជិក-សមាជិកា យកទៅបន្តពិចារណា និងរៀបចំជាផែនការអនុវត្តស្របតាមការណែនាំរបស់គណបក្ស ដែលបានដាក់ចេញ ដែលក្នុងនោះផ្តោតលើចលនា ៣ជាស្នូល រួមមាន៖

*ចលនាកសាងកម្លាំងពិត
*ចលនាសង្គមមនុស្សធ៌ម
*ចលនាប្រយុទ្ធលើសមរភូមិសាធារណៈមតិក្នុងបរិបទនៃរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ជាចុងក្រោយ លោកក៏បានលើកឡើងបន្ថែមផងដែរថា ខ្លឹមសារនៃការចុះធ្វើសកម្មភាពត្រូវខ្លី ខ្លឹម និងច្បាស់លាស់។

អង្គពិធីបានបញ្ចប់ទៅនៅវេលាម៉ោង ១១ រសៀល ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕