(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្រុបខណ្ឌទូទាំងប្រទេស (គ.វ.ក១៩) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការប្រើប្រាស់ប្រព័ន្ធបាគង់ ដើម្បីស្វែងរកព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩ ដែលមានភាពងាយស្រួល សម្រាប់សាមីបុគ្គលម្នាក់ៗ។
ការចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងក្រោមការចូលរួមពីលោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន (គ.វ.ក១៩) នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។
លោកស្រី ជា សិរី បានថ្លែងឲ្យដឹងថា បច្ចេកវិទ្យាឌីជីថលបានក្លាយជាកម្លាំងចលករ ដ៏មានសក្តានុពលជាទីបំផុត ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដើម្បីឆ្លើយតបនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុ នាពេលបច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា ក៏បានអភិវឌ្ឍប្រព័ន្ធបាគង ជាប្រព័ន្ធទូទាត់កន្លោង មានមុខងារជួយសម្រួល ដល់ប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងគ្រឹះស្ថាន ក្នុងគោលដៅ៖
១៖ បង្កើនប្រសិទ្ធភាពក្នុងប្រព័ន្ធទូទាត់។
២៖ លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។
៣៖ សម្រួលប្រតិបត្តិការទូទាត់ជាប្រាក់រៀល។
៤៖ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនៃបដិវត្តឧស្សាហកម្មទី៤ ស្របតាមបរិបទសេដ្ឋកិច្ចឌីជីថល ក្នុងតំបន់អាស៊ាន។
លោកស្រីបានបន្ថែមថា ដើម្បីសម្រួលដល់តម្រូវការ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរៀបចំឱ្យមានក្របខណ្ឌ កិច្ចសហប្រតិបត្តិការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩» របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង។
លោកស្រី ជា សិរី បានបញ្ជាក់ថា «អនុស្សរណៈនៃការយោគយល់គ្នានេះរៀបចំឡើង ក្នុងគោលបំណងពង្រីកវិសាលភាពនៃ ការទទួលបាននូវព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩របស់បុគ្គល តាមរយៈការប្រើប្រាស់ប្រព័ន្ធបាគង របស់ធនាគារជាតិនៃកម្ពុជា ជាមួយតំណភ្ជាប់ប្រព័ន្ធកត់ត្រាការចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រសួងសុខាភិបាល។ គំនិតផ្តួចផ្តើមនេះនឹងរួមចំណែកជំរុញ ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ថ្មីៗ ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋនឹងទទួលបានភាពងាយស្រួលជាងមុន ក្នុងករណីភ្លេចយកប័ណ្ណចាក់វ៉ាក់សាំងមកតាមខ្លួន ពួកគាត់អាចប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីស្វែងរកព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩របស់ខ្លួន បានយ៉ាងស្រួលផងដែរ»។
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា ការចុះអនុស្សរណៈរវាងធនាគារជាតិនៃកម្ពុជា និងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ លើការប្រើប្រាស់តំណភ្ជាប់ សម្រាប់ស្វែងរកមើលព័ត៌មាន ចាក់វ៉ាក់សាំងកូវីដ១៩ របស់សាមីបុគ្គល តាមរយៈប្រព័ន្ធបាគងនេះ ធ្វើឡើងក្នុងគោលបំណង៖
១៖ បង្កើតកិច្ចសហប្រតិបត្តិការល្អរវាង គ.វ.ក-១៩ និងធនាគារជាតិកម្ពុជា ដើម្បីពង្រីកវិសាលភាពនៃការ
ទទួលបាននូវព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យកាន់តែទូលំទូលាយ និងងាយស្រួលសម្រាប់អតិថិជន
ដែលបានប្រើប្រាស់ប្រព័ន្ធបាគង របស់ធនាគារជាតិកម្ពុជា។
២៖ លើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធបាគង តាមរយៈការចូលមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩របស់បុគ្គល ពីតំណភ្ជាប់ទៅប្រព័ន្ធកត់ត្រា ការចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីរួមចំណែកជួយជំរុញការប្រើប្រាស់
បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ថ្មីៗនៃផ្នែកប្រព័ន្ធទូទាត់បាគង។
៣៖ បន្ថែមលើការប្រើប្រាស់ប្រព័ន្ធកត់ត្រា ការចាក់វ៉ាក់សាំងកូវីដ១៩ នឹងផ្ដល់ភាពងាយស្រួលជូន ដល់ប្រជាពលរដ្ឋនៅពេលពួកគាត់ចូលប្រើប្រាស់ប្រព័ន្ធបាគង ក៏អាចចូលស្វែងរកព័ត៌មានចាក់វ៉ាក់សាំងកូវីដ១៩
របស់ខ្លួនបានដែរ៕