(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក សេង សុមុនី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ទាំងឡាយ ទៅលើការដឹកនាំរួម របស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ នាពេលកន្លងមកតាមបណ្តាញព័ត៌មាន និងតាមបណ្តាញសង្គម Facebook ជាដើម។
លោក សេង សុមុនី បានបញ្ជាក់ថា «នៅថ្ងៃនេះ ទេសរដ្ឋមន្ត្រី ហឹុម ឆែម រដ្ឋមន្ត្រី ក្រសួងធម្មការនិងសាសនា បានចាត់តាំងប្រតិភូ ១ ក្រុមចុះសិក្សាស្រាវជ្រាវ ការចោទប្រកាន់ទៅលើលោក ហាក់ ហុន តាមរយ: សារព័ត៌មាននិងព័ត៌មានសង្គម Facebook ជាបន្តបន្ទាប់»។
បើតាមអ្នកនាំពាក្យរូបនេះ ការចោទប្រកាន់ទៅលើប្រធានមន្ទីររូបនេះ គឺទាក់ទងនឹងអំពើពុករលួយ ផ្សេងៗ នៅក្នុងមន្ទីរធម្មការនិងសាសនា ដោយលើកឡើង អំពីបញ្ហា មានលោកស្រី កែវ សុធារី ជាខ្នងបង្អែក យ៉ាងរឹងមាំ មិនអាចប៉ះពាល់បានផងនោះ។ លោក សេង សុមុនី បានបញ្ជាក់ថា " ក្រោយពីបានចុះទៅសិក្សាគ្រប់ស្ថានភាព បញ្ជាក់ ឲ្យឃើញថា មានការយល់ច្រឡំ"។
លោកថា អ្នកព័ត៌មានទាំងនោះ ពុំបានទទួលទិន្នន័យព័ត៌មានជាក់លាក់ ហើយចុះផ្សាយ ដែលធ្វើឲ្យប៉ះពាល់ដល់ ការបំពេញភារកិច្ចមន្ត្រីរាជការ សាធារណ: របស់រដ្ឋ ដែលអនុវត្តការងារតាមនីតិវិធី នៃច្បាប់សហលក្ខន្តិក: មន្ត្រីរាជការសីុវិល ដូច្នេះ ករណីចោទថា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តត្បូងឃ្មុំបានប្រព្រឹត្តអំពើពុករលួយនោះ ជារឿងមិនពិតទេ ប្រតិភូក្រសួងធម្មការនិងសាសនា បានចុះអង្កេត សិក្សាលំអិត មានឯកសារ មានភស្តុតាង និងសាក្សីជាក់លាក់គ្រប់គ្រាន់អស់ហើយ ហេតុនេះសូមសាធារណជនមេត្តាជ្រាប៕