(ព្រៃវែង)៖ លោក អ៉ីវ លាង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំបឹងព្រះ ស្រុកបារភ្នំ បានជួបសំណេះសំណាលជាមួយតំណាងជាប្រជាពលរដ្ឋនៅភូមិឫស្សីក្អែក ដើម្បីស្វែងយល់ពីស្ថានភាពរស់ នៅប្រចាំថ្ងៃ ស្វែងយល់ពីបញ្ហាលំបាកជាការប្រឈម និងសំណូមពរនានា។

ប្រជាពលរដ្ឋបានលើកឡើងជាក្តីកង្វល់មាន បញ្ហាគ្រឿងញៀន ឆក់ត្រី ចោរលួច និងក្មេងទំនើង។ ដោយឡែកសម្រាប់ បញ្ហាប្រឈមមានភ្លើងអគ្គីសនី ប្រជាពលរដ្ឋបានសំណូមពរមកក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ ឲ្យជួយ ពិនិត្យឡើងវិញពីការតភ្ជាប់ខ្សែភ្លើងតាមបង្គោលឲ្យបានសមស្រប និងបញ្ហាកម្លាំងភ្លើងខ្សោយ។

លោក អ៉ីវ លាង បានទទួលយកនូវក្តីកង្វល់ និងបញ្ហាប្រឈមទាំងអស់។ តែបើតាមលោកមេប៉ុស្តិ៍ បានរាយការណ៍ឲ្យដឹងថា បញ្ហាទាំងនេះ ត្រូវបានប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ បានកំណត់មុខសញ្ញាឃាត់ខ្លួន និងបានធ្វើកិច្ចសន្យាអប់រំជាបន្តបន្ទាប់មកដែរ។

ទន្ទឹមនឹងនេះ លោកបានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃ ចូលរួមសហការរាយការណ៍មកប៉ុស្តិ៍ ឬអាជ្ញាធរមានសមត្ថកិច្ច រាល់បាតុភាពមិនល្អកើតមាន។ ជាពិសេសបញ្ហាគ្រឿងញៀន ឯកឧត្តមបានជម្រុញប្រជាពលរដ្ឋផ្តល់កិច្ចសហការ ដោយរាយការណ៍មកអាជ្ញាធរ បើទោះបីជាអ្នកញឿននោះជាសមាជិកឬសាច់ញាតិខ្លួនក្តី កុំមានការលាក់លៀម ឬអៀនខ្មាសអី ដើម្បីចូលរួមបំបាត់គ្រឿងញឿនពីសហគមន៍របស់យើង។

លោក អ៉ីវ លាង បានបន្ថែមទៀតថា ការចូលរួមផ្តល់កិច្ចសហការពីប្រជាពលរដ្ឋជារឿងសំខាន់ចាំបាច់ណាស់ មិនអាច ពឹងផ្អែកតែលើលោកមេប៉ុស្តិ៍ ឬអាជ្ញាធរពាក់ព័ន្ធតែប៉ុណ្ណឹងគ្រប់គ្រាន់ ដែលអាចដឹងពីហេតុការណ៍នានា នៅទូទាំងឃុំបាន នោះទេ ចាំបាច់ត្រូវការចូលរួមផ្តល់កិច្ចសហការពីប្រជាពលរដ្ឋដែលអាចដឹងឬស្ថិត នៅកន្លែងកើតហេតុផ្ទាល់ រាយការណ៍តាមទូរស័ព្ទ ឬតាមមធ្យោបាយនានាមកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការបានទាន់ពេលវេលា។

ជាចុងក្រោយ លោកបានស្នើសុំមានការយោគយល់ប្រជាពលរដ្ឋទាំងអស់គ្នាពាក់ព័ន្ធការអភិវឌ្ឍនៅមូលដ្ឋាន ដោយការសម្បទានឲ្យគ្នាទៅវិញទៅមក ដើម្បីប្រយោជន៍រួមក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះដែរ លោកបានជំរុញអាជ្ញាធរបង្កើនប្រសិទ្ធភាពការងារ ផ្តល់សេវាសាធារណៈឲ្យបានលឿន ដែលជាតម្រូវការមូលដ្ឋាន របស់ប្រជាពលរដ្ឋ ព្រោះអាជ្ញាធរជាអ្នកបម្រើរាស្ត្រ ប្រជាពលរដ្ឋបានបោះជូនជាតំណាងជូនពួកគាត់ហើយ។

សូមបញ្ជាក់ថា ការជួបជុំពេលនេះធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅក្នុងភូមិឫស្សីក្អែក ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីលោក ស៊ីម ឈាវអ៊ូរ ប្រធានក្រុមការងារ ចុះជួយភូមិក្អែក ប្រធានក្រុមការងារចុះជួយភូមិ សមាជិក មេឃុំ មេប៉ុស្តិ៍ មេភូមិ និងអ្នកពាក់ព័ន្ធមួយចំនួន៕