(ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នឹងចាប់ផ្តើមបើកសម្ពោធប្រកួតចាប់ពី រាត្រីនេះតទៅហើយ ដោយក្រុមម្ចាស់ផ្ទះបារាំង បើកឆាកមុនគេក្នុងពូល A ដោយត្រូវប៉ះក្រុមរ៉ូម៉ានី (Romania) នាម៉ោង ២៖០០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) ក្នុងពហុកីឡដ្ឋាន Stade de France ស្ថិតក្នុងទីក្រុងប៉ារីស។
យុទ្ធនាការបាល់ទាត់ដ៏មានប្រជាប្រិយមានភាព ប្រារព្ធធ្វើឡើងក្នុងរយៈពេល ៤ឆ្នាំម្តងនេះ គឹនឹងធ្វើឡើង ៣ប្រកួតក្នុង១ ថ្ងៃ គឺនៅចន្លោះម៉ោង ៨យប់ ១១យប់ និងម៉ោង ២រំលងអាធ្រាត្រ ម៉ោងនៅកម្ពុជាតែម្តងនៅទូទាំងកីឡដ្ឋានទាំង១០ ក្នុងប្រទេសបារាំង ដោយមានទាំងអស់៥១ប្រកួតទាំងវគ្គផ្តាច់ព្រ័ត្រ ក្នុងចំណោម២៤ក្រុមចូលរួម ចែកចេញជា ៦ពូល (A-F) ដោយក្នុង១ពូល មាន៤ ក្រុមជម្រើសជាតិ។
សម្រាប់ការធ្វើម្ចាស់ផ្ទះជាលើកទី៣ នៅក្នុងប្រទេសបារាំងនេះដែរ ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានអ្នកទស្សនា ៧លាននាក់ ហើយក្នុងនោះដែរមានអ្នកគាំទ្រចំនួន ២.៥លាននាក់ មកពីក្រៅប្រទេស នេះបើយោងតាម BBC ចេញ ផ្សាយព្រឹកថ្ងៃទី១០ មិថុនានេះ ដោយមានទូរទស្សន៍ ៧១ប្រទេសនៅទូទាំងពិភពលោក រួមទាំងទូរទស្សន៍ CTN, MyTV និង CTN របស់កម្ពុជាផ្សាយបន្តផ្ទាល់ផងដែរ៕