(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានចេញផ្សាយវីដេអូអប់រំចំនួន២ទៀត ដើម្បីផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២។

វីដេអូអប់រំទាំង២នោះមានចំណងជើងថា៖

១. ដុកទ័រវ៉ូត (Dr. Vote) មានរយៈពេល១៥នាទី សម្រាប់ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ជំរុញឱ្យប្រជាពលរដ្ឋទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

២. វីដេអូស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ដែលមានរយៈពេល៦០នាទី សម្រាប់ជាជំនួយស្មារតីដល់ក្រុមចុះឈ្មោះបោះឆ្នោតអនុវត្ត។

លោក ប្រាជ្ញ ចន្ទ បានណែនាំឱ្យអង្គភាពជំនាញរៀបចំបែងចែកវីដេអូស្តីពីនីតិវិធីនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ទៅឱ្យក្រុមចុះឈ្មោះបោះឆ្នោត និងលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំងអស់ឱ្យបានឆាប់ ដើម្បីជាជំនួយស្មារតីដល់មន្ត្រីចុះឈ្មោះបោះឆ្នោតក្នុងការអនុវត្ត ពីព្រោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតបាននិងកំពុងដំណើរការហើយ។

គួរជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានរយៈពេល៥០ថ្ងៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ៕