(កំពង់ស្ពឺ)៖ លោក Fabrice ETIENNE លេខាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ថា ប្រទេសបារាំង នឹងឈរក្បែរកម្ពុជាជានិច្ច ក្នុងគ្រាលំបាកដូចមានចែងក្នុងប្រវត្តិសាស្ត្រ ហើយប្រទេសបារាំង នឹងបន្តផ្តល់ជំនួយដល់កម្ពុជា ជាពិសេសក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលជាបញ្ហាអន្តរជាតិដ៏សំខាន់ក្នុងពេលបច្ចុប្បន្ននេះ។
ការបញ្ជាក់បែបនេះ របស់លេខាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលលោករួមជាមួយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានគម្មាធិការជាតិ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នបន្ថែមជំនាញអាវុធហត្ថឧត្ដុង្គ ក្រោមកិច្ចគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសរបស់សាធារណរដ្ឋបារាំង ដល់កម្លាំងរក្សាសន្តិភាពសម្រាប់ធ្វើការចល័តទៅកាន់តំបន់បេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង (UNMISS)។
លេខាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា បានថ្លែងថា ការថែរក្សាសន្តិភាព ជាការងារដ៏ថ្លៃថ្នូមួយ ដែលត្រូវការកម្លាំងយោធា លើសពីនេះក៏ត្រូវមានជំនាញផងដែរ។ យោធាត្រូវបានស្ម័គ្រចិត្តចេញទៅធ្វើការដើម្បីសន្តិភាព លះបង់កម្លាំងកាយ និងសូម្បីតែជីវិតរបស់គាត់ ពួកគាត់រស់នៅក្នុងក្របខ័ណ្ឌនៃច្បាប់ និងបទប្បញ្ញត្តិ ដែលបានកំណត់។ សេចក្តីត្រូវការនេះបង្កប់ន័យនូវភាពជឿជាក់ដ៏រឹងមាំ ហើយទាមទារឱ្យមានការប្ដេជ្ញាចិត្តខ្ពស់ ប៉ុន្តែមិនដាច់ខាត។
លោកបានបន្តថា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ដែលកងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលជាតិ បង្ហាញពីការរួមចំណែកយ៉ាងសំខាន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព បរិមាណដ៏លើសលុប កម្ពុជាសព្វថ្ងៃមានកងកម្លាំងប្រមានជា ជាង៨០០នាក់ បានកំពុងមានវត្តមាននៅក្នុងតំបន់របសកកម្ម ទន្ទឹមនឹងនោះគុណភាពនៃការហ្វឹកហ្វឺនក៏ត្រូវបានពង្រឹងផងដែរ។
លេខាទី១ អមស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមរំលឹកឡើងវិញនូវចំណងមិត្តភាពភាពរឹងមាំនៃប្រទេសយើងទាំងពីរ បារាំង-កម្ពុជា។ ប្រទេសបារាំង ឈរក្បែរប្រទេសកម្ពុជានិច្ច ក្នុងគ្រាលំបាកដូចមានចែងក្នុងប្រវត្តិសាស្ត្រ បារាំងនឹងបន្តផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាព សន្តិសុខអន្តរជាតិ ដែលជាបញ្ហាអន្តរជាតិសំខាន់នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាក៏ដូចជាប្រទេសបារាំង ប្រទេសយើងទាំងពីរជាអ្នករួមចំណែកដ៏សំខាន់ក្នុងបុពហេតុសន្តិភាព។ ដូច្នេះ ហើយការប្ដេជ្ញាចិត្ត មិនប្រែប្រួលប្រទេសរបស់ខ្ញុំ គឺផ្តល់ហិរញ្ញប្បទាន សម្ភារៈ និងប្រតិបត្តិការសម្រាប់រៀបចំវគ្គសិក្សា «កងរាជអាវុធហត្ថ» នេះឡើង»។
លោកបានបន្តថា ប្រទេសបារាំង បានផ្ដល់ជំនួយដល់ NPMEC និងកងរាជអាវុធហត្ថផ្ទៃប្រទេស វគ្គសិក្សាកងរាជអាវុធហត្ថនេះ បានបំពេញតាមតម្រូវការ និងនិយាមរបស់អង្គការសហប្រជាជាតិ ហើយវគ្គសិក្សានេះ ផ្តោតសំខាន់លើមូលដ្ឋានច្បាប់ បច្ចេកទេស អន្តរាគមន៍ និងជំនាញនគបាលយុត្តិធម៌ សន្តិសុខ ស្របតាមយុទ្ធវីធី និងការងាររបស់មន្ត្រីប៉ូលីស អង្គការសហប្រជាជាតិ។
លោក អ៊ុច បូររិទ្ធ បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព ការដោះមីន និងកាកសំណល់សង្គ្រាម ដែលមានវិទ្យាស្ថានបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព ជាថ្នាលបណ្ដុះបណ្តាលជាបន្តបន្ទាប់ទាំងវគ្គ ហ្វឹកហ្វឺនម្ចាស់ការខ្លួនឯង និងវគ្គហ្វឹកហ្វឺនជាមួយបណ្តាប្រទេសជាមិត្ត និងសូមថ្លែងអំណរគុណផងដែរចំពោះ យោធាចារ្យបារាំង ដែលបានខិតខំយកអស់ពីកម្លាំងកាយចិត្ត ក្នុងការឧទ្ទេសនាម និងបង្ហាត់បង្រៀនប្រកបដោយទេពកោសល្យខ្ពស់ និងបទពិសោធន៍ជូនកម្លាំងមួកខៀវកម្ពុជា សំដៅពង្រឹង និងបង្កើនវិជ្ជាជីវៈជាកម្លាំងអាវុធហត្ថ ដើម្បីទទួលភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
លោកបានឱ្យដឹងថា ឆ្នាំ២០២២នេះ គឺជាខួបលើកទី៣០ ដែលកម្ពុជាធ្លាប់ជាប្រទេសទទួលទាហានមួកខៀវ របស់អង្គការសហ ប្រជាជាតិ ដែលក្នុងនោះក៏មានកងកម្លាំងរក្សាសន្តិភាពបារាំង ដើម្បីចូលរួមចំណែកស្វែងរកសុខសន្តិភាពនៅលើ ទឹកដីដ៏កំសត់ ដែលពោរពេញដោយជម្លោះ និងការហែកហួរដោយសង្គ្រាម។ ក្នុងអំឡុងពេលបំពេញបេសកកម្មទាហានបារាំងដ៏អង់អាចក្លាហាន៤នាក់ បានពលីជីវិត ដើម្បីបុព្វហេតុសន្តិភាពនៅកម្ពុជា។
លោក អ៊ុច បូររិទ្ធ បានរំឮកថា បន្ទាប់ពីទទួលបានអត្ថប្រយោជន៍ពីកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការចូល រួមរបស់កម្ពុជា នៅក្នុងប្រតិបត្តិការរបស់អង្គការសហប្រជាជាតិដែលបានចាប់ផ្ដើមនៅឆ្នាំ២០០៦ នៅតែបន្តយ៉ាងសកម្មនៅក្នុងបណ្ដាប្រទេសមួយចំនួនដែលមានគ្រោះថ្នាក់បំផុតក្នុងពិភពលោក។ ជោគជ័យនេះ គឺមិនអាចកាត់ផ្តាច់ពីការគាំទ្ររបស់ប្រទេសបារាំងតាមរយៈការបណ្តុះបណ្តាលដូចដែលយើងបានឃើញនៅក្នុង ពេលនេះ។
វគ្គហ្វឹកហ្វឺននេះ ពិតជាមានលក្ខណៈសមស្រប និងមានសារៈសំខាន់ណាស់ ក្នុងទិសដៅកសាង និងពង្រឹងសមត្ថភាពដល់កងទ័ពឱ្យមានវិជ្ជាជីវៈ ចំណេះដឹង ចំណេះធ្វើយ៉ាងពិតប្រាកដ សំដៅដល់ការចូលរួមជាអ្នក អនុវត្តច្បាប់ បង្ក្រាបបទល្មើសផ្សេងៗ ការពារជនភៀសខ្លួន ការពារប្រតិភូនានា និងឥស្សរជនជាន់ខ្ពស់របស់ អ. ស.ប និងបណ្តាប្រទេសដែលមានបេសកកម្មនៅស៊ូដង់ខាងត្បូង។
លោកបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនដែលទើបនឹងបញ្ចប់នេះ មានតម្លៃមិនអាចកាត់ថ្លៃបាន សម្រាប់កងយោធពលខេមរភូមិន្ទផង និងសម្រាប់ប្រជាជនកម្ពុជាផង នោះគឺទី១៖ ផ្ដល់ចំណេះដឹង និងចំណេះធ្វើបន្ថែមផ្នែកអាវុធហត្ថ និងទី២៖ បង្កើតបានសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសនៃយើងទាំងពីរ កម្ពុជា-បារាំង។
លោក អ៊ុច បូររិទ្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងឆ្នាំនេះនិងនាពេលអនាគត កម្ពុជានៅតែប្តេជ្ញាចិត្តខ្ពស់ បន្តសកម្មភាពមនុស្សធម៌ តាមរយៈការ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្ខុ នៅក្នុងពិភពលោកបន្តទៀត»។
រយៈពេល១៦ឆ្នាំកន្លងមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ជាមួយប្រទេសចំនួន១២១ នៅលើពិភពលោក។ អ្វីដែលជាមោទន ភាពនោះគឺមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានបញ្ជូនកងកម្លាំងចូលរួមបំពេញបេសកកម្មចំនួន៩ប្រទេសរួមមាន៖ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រីស ស៊ីរី ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល សរុបចំនួន ៨៣០២នាក់ ក្នុងនោះនារី ចំនួន ៥៨០នាក់។
បច្ចុប្បន្ននេះ កងទ័ពមានចំនួន ៨០១នាក់ កំពុងបំពេញ បេសកកម្មរក្សាសន្តិភាពនៅប្រទេសចំនួន៤ ម៉ាលី អាហ្វ្រិកកណ្ដាល លីបង់ និងស៊ូដង់ក្នុងជំនាញបោសសំអាតមីន បោសសំអាតនិងកម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មសំណង់ វិស្វកម្មព្រលានយន្តហោះនាយទាហានសង្កេត ការណ៍ និងនាយទាហានសនាធិការ៕