(ភ្នំពេញ)៖ ភរិយារបស់លោក ស៊ឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនវាយតំលៃអចលនទ្រព្យ ប៊ុណ្ណារៀលធីគ្រុប ដែលជាក្រុមវាយតម្លៃអចលនទ្រព្យធំជាងគេនៅកម្ពុជា គឺអ្នកស្រី ស៊ន សំម៉ាលី បានថ្លែងថា ស្វាមីរបស់អ្នកស្រីមុននឹងដើរចេញទៅឲ្យសមត្ថកិច្ចនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បានផ្តាំផ្ញើអ្នកស្រីឲ្យមើលថែកូនៗ ហើយត្រូវប្រឹងប្រែងរកស៊ីដោយសុចរិត បើទោះបីអត់ឃ្លានគ្មានស៊ី ក៏ដោយ។ អ្នកស្រីបានផ្តាំទៅស្វាមីវិញថា ដរាបណា អ្នកស្រីនៅមានជីវិត អ្នកស្រីនឹងមើលថែទាំកូនឲ្យល្អ និងប្រាប់កូនៗថា ពួកគេមានឪពុកដ៏ល្អម្នាក់។
លោក ស៊ឹង ប៊ុណ្ណា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំពាក់ព័ន្ធការចេញមូលបទានបត្រ (សែក) គ្មានសាច់ប្រាក់ប្រមាណ៤០ម៉ឺនដុល្លារ ទៅឲ្យលោក កែវ ហ៊ុន។ មកដល់រសៀលថ្ងៃ ដដែលនេះ លោកត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ ច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ ហើយនៅរសៀលថ្ងៃនេះត្រូវបានតុលាការសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន។
ពីអ្នកគ្រប់គ្រងក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ដ៏ល្បាញល្បីម្នាក់ ក្លាយជាជនត្រូវគេប្តឹងពីការចេញសែកអត់សាច់ប្រាក់នេះ នាំអ្នកឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីសាធារណជន ជាពិសេសអ្នករកស៊ីលើវិស័យអចលនទ្រព្យ។
អ្នកស្រី ស៊ន សំម៉ាលី បានរៀបរាប់ថា ស្វាមីរបស់អ្នកស្រី ធ្លាប់ជួយសង្គមខាងផ្នែកដីធ្លីនៅស្រុកខ្មែរ និងបណ្តុះបណ្តាលមនុស្សរាប់រយពាន់នាក់ ឲ្យចេះរកស៊ី និងជួយមនុស្សជាច្រើនឲ្យក្លាយជាមហាសេដ្ឋី ហើយស្វាមីរបស់អ្នកស្រីជាអ្នករកស៊ីវាយតម្លៃដីធ្លីមិនស៊ីសំណូក។
ភរិយារបស់អ្នកជំនួញអចលនទ្រព្យដ៏ល្បីល្បាញរូបនេះ បានបន្តតំអូញតំអែរថា ទង្វើជាគុណធម៌ ដែលស្វាមីរបស់អ្នកស្រីប្រឹងប្រែងនេះ ត្រូវបានតបស្នងមកវិញ ដោយទង្វើរមិលគុណ។ នេះបើតាមការតំអូញតំអែររបស់ អ្នកស្រី ស៊ន សំម៉ាលី ។ អ្នកស្រី បានបញ្ជាក់យ៉ាងដូច្នេះ «ភាពស្មោះត្រង់ មិនបោកប្រាស់ មិនដែលចង់បានរបស់គេ មានតែចិញ្ចិម និងផ្តល់កំណើតឲ្យគេដុះដាល តែអ្វីដែលបានត្រឡប់មកវិញគឺកូនក្រពើ»។
ពីអ្នកធ្លាប់ល្បាញល្បី និងត្រូវសង្គមទទួលស្គាល់ថា ជាអ្នកមានធនធាន មានមុខមានមាត់ក្នុងសង្គមមួយរូប តែពេលនេះអ្នកស្រី សំម៉ាលី បញ្ជាក់ថា អ្នកស្រី និងស្វាមី គ្មានសល់អ្វីទេ។ បើតាមអ្នកស្រី សំម៉ាលី ភាពហិនហោចនេះ មិនមែនដោយសារការលេងល្បែងអ្វីនោះឡើយ តែមកពីមានរឿងនៅពីក្រោយខ្នង ជាពិសេសការជឿទុកចិត្តលើអ្នកដទៃ។
អ្នកស្រី បានរៀបរាប់ដូច្នេះ «ពួកយើងមិនចេះលេងល្បែង បារ បន យើងដឹងតែរក រកមិនទំនេរ តើក្រុមហ៊ុនយើងអាចខាតទៅរួចទេ? បើមិនមានរឿងពីក្រោយខ្នង? ការលាបពណ៍គឺជារឿងគួរឲ្យខ្លាចបំផុត។ ខ្ញុំចង់ប្រាប់ថាពេលនេះខ្ញុំគ្មានអ្វីទៀតទេ ហើយខ្ញុំមិនមានប្រាក់សល់រាប់រយលាន ដូចអស់លោកគិតដែរ ផ្ទះសម្តែងរបស់ខ្ញុំបានបាត់អស់ហើយ ហើយខ្ញុំក៏មិនបន្ទោសអ្នកណាដែរ គឺមកពីភាពល្ងង់ខ្លៅ និងជឿជាក់លើអ្នកដទៃ ដោយគិតថា គេជាមនុស្សល្អដូចយើង!!!»។
ជាមួយការបង្ហាញសារក្តុកក្តួលនៅក្នុងអារម្មណ៍ហើយនោះ អ្នកស្រី សំម៉ាលី ក៏បានបង្ហាញសារផ្តាំផ្ញើរបស់ស្វាមីមុននឹងចេញឲ្យគេចាប់ខ្លួនផងដែរ។ «អូនត្រូវថែកូនឲ្យល្អ ទោះជាមានស៊ីអត់ស៊ី ប្រឹងរកដោយសុចរិត បងមិនអីទេថែខ្លួនលេបថ្នាំអោយទៀងទាត់»។
អ្នកស្រី សំម៉ាលី បានសន្យាជាស្វាមីរបស់អ្នកស្រីថា «ថែខ្លួនប្តីសម្លាញ់ បើជីវិតអូននៅរស់ អូននឹងថែកូនឲ្យល្អ ហើយអូននឹងប្រាប់កូនឲ្យដឹងថា ប៉ាគេជាមនុស្សល្អជាងគេលើលោកនេះ»។
សូមជំរាបថា លោក ស៊ឹង ប៊ុណ្ណា បានបង្កើតក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុបនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៩។ លុះនៅឆ្នាំ២០១១ ធនាគារជាតិនៃកម្ពុជា បានទទួលការវាយតម្លៃផ្នែកអចនទ្រព្យកម្មសិទ្ធិរដ្ឋនៅទូទាំងប្រទេស ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ក៏បានក្លាយជាអ្នកដេញថ្លៃ និងទទួលបានកិច្ចសន្យាវាយតម្លៃ ផ្នែកសុវត្ថិភាពជាផ្លូវការនាពេលនោះ។ អស់ជាច្រើនឆ្នាំមកនេះក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប បានចាប់ដៃគូជាមួយធនាគារឈានមុខទាំងក្នុងស្រុក និងក្រៅស្រុក និងពង្រីកទំនាក់ទំនងអាជីវកម្មឱ្យកាន់តែប្រសើរឡើង៕