(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងផ្តាំថា អ្នកដឹកនាំជំនាន់ក្រោយ ត្រូវតែបន្តអនុវត្តន៍ការសន្យា និងគោលនយោបាយ ដែលសម្តេចផ្តល់ជូនអ្នករុនតាឯក និងពាក់ស្នែង ដែលសម្តេចបានផ្តល់ពួកគាត់នូវបណ្ណសមធម៌ និងដីធ្លីជាកម្មសិទ្ធិ។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ការសន្យារបស់រដ្ឋាភិបាលមុន ត្រូវតែរដ្ឋាភិបាលក្រោយត្រូវធ្វើ បើទោះបីជាខ្ញុំបន្ត ឬអ្នកដទៃទៀតបន្ត ក៏ដោយចុះ។ បើអ្នកឯងមិនបន្តទេ អ្នកឯងនឹងទទួលប្រឈមនឹងការប្រឆាំង របស់បងប្អូននៅពាក់ស្នែង និងរុនតាឯក។ ខ្ញុំគិតថា អ្នកជាការផ្តល់សម្រាប់បងប្អូន ដែលស្ម័គ្រចិត្តចេញតំបន់រមណីយដ្ឋានអង្គរ ហើយស្នាក់នៅទីនេះ»។
សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានណែនាំឱ្យពន្លឿនចេញបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋមករស់នៅតំបន់រុនតាឯក និងពាក់ស្នែងផងដែរ។ សម្តេចតេជោ រំពឹងថា ពលរដ្ឋនៅរុនតាឯក និងពាក់ស្នែង នឹងរក្សាទុកដីជាកេរដំណែលក្នុងគ្រួសារ ដោយមិនលក់នោះទេ។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ដំបូងចង់ដាក់ជាដីសង្គមកិច្ច ប៉ុន្តែខ្ញុំមិនគិតអញ្ចឹងទេ ត្រូវចេញបណ្ណកម្មសិទ្ធិឲ្យបងប្អូនតែម្តងទៅ ព្រោះបងប្អូនត្រូវការយកទៅដាក់នៅធនាគារ ដើម្បីខ្ចីប្រាក់គេ»។
សូមជម្រាបថា មកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញមាត់ស្ទឹង តំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិពាក់ស្នែង និងទៅរស់នៅរុនតាឯកថ្មីៗ និងកាលពី២ឆ្នាំមុន បានទទួលបណ្ណសមធម៌ប្រមាណជិត ១ម៉ឺនគ្រួសារ។ សម្តេចតេជោ ហ៊ុន សែន អះអាងថា ការផ្តល់ជូននេះមិនធ្វើឲ្យរាជរដ្ឋាភិបាល ដួលរលំនោះឡើយ។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចំនួនទឹកប្រាក់ដែលផ្ដល់តាមរយៈបណ្ណសមធម៌នោះមិនដូចគ្នានោះទេ ពោលអ្នកនៅជនបទផ្សេង អ្នកនៅទីប្រជុំជនផ្សេង ដោយក្នុងនោះ ទីប្រជុំជនបាន១២ម៉ឺនរៀល និងជនបទបាន៨ម៉ឺនរៀល។ សមាជិកក្នុងគ្រួសារម្នាក់ទីប្រជុំជនបាន៤ម៉ឺនរៀល, ទីជនបទបាន២៤,០០០រៀល, កុមារអាយុក្រោម៥ឆ្នាំ បាន៤ម៉ឺនរៀលក្នុងម្នាក់ សម្រាប់ទីប្រជុំជន និងជនបទបាន២៤,០០០រៀល, ជនពិការភាពម្នាក់បាន៤ម៉ឺនរៀល សម្រាប់ទីប្រជុំជន និងជនបទបាន២៤,០០០រៀល, សម្រាប់មនុស្សចាស់ចាប់ពី៦០ឆ្នាំឡើង បាន៤ម៉ឺនរៀល សម្រាប់ទីប្រជុំជន និងជនបទបាន២៤,០០០រៀល៕