(វៀតណាម)៖ លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំប្រតិភូ ទៅទស្សនកិច្ចសិក្សានៅសកលវិទ្យាល័យត្រាវិញ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈត្រាវិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីស្វែងរកកិច្ចសហការប្រតិបត្តិការក្នុងការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះ គណៈប្រតិបានជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលរបស់សកលវិទ្យាល័យត្រាវិញ និងលោក Nguyen Chinh នាយកសាលាបណ្តុះបណ្តាលវិជ្ជាជីវៈត្រាវិញ និងថ្នាក់ដឹកនាំ សាស្រ្តាចារ្យជាច្រើនរូបទៀត ដើម្បីស្វែងយកពីប្រព័ន្ធអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ប្រទេសវៀតណាម។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចសិក្សានេះ វិទ្យាស្ថានបច្ចេកទេសឧស្សាកម្ម (ITI) របស់ប្រទេសកម្ពុជា និងសកលវិទ្យាល័យត្រាវិញ របស់ប្រទេសវៀតណាមបានចុះ MOU ជាមួយគ្នាដោយផ្តោតលើ៖ ១៖ សហប្រតិបត្តិការលើកម្មវិធីថ្នាក់វិស្វករ ២+២ និងការទទួលស្គាល់គ្នាទៅវិញទៅមកលើកម្មវិធីបណ្តុះបណ្តាល
២៖ ផ្លាស់ប្តូរគ្រូបច្ចេកទេសទៅវិញទៅមក
៣៖ លើកកម្ពស់ការចុះកម្មសិក្សារបស់និស្សិតរវាងសាលាទាំងពីរ
៤៖ ពង្រឹង និងអភិវឌ្ឍសមត្ថភាពគ្រូបច្ចេកទេស
និង៥៖ កិច្ចសហការផ្សេងៗទៀតដែលចាំបាច់។

លោកបណ្ឌិត ហ៊ីង ស៊ីដេត ក៏បានអញ្ជើញលោកសាស្ត្រាចារ្យបណ្ឌិត Pham Tiet Khanh ប្រធានក្រុមប្រឹក្សាភិបាលរបស់សកលវិទ្យាល័យត្រាវិញ ដឹកនាំប្រតិភូមកធ្វើទស្សនកិច្ចសិក្សា នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា នាពេលខាងមុខ ដើម្បីពង្រឹងកិច្ចសការជាមួយគ្នាបន្ថែមទៀត ក្នុងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសទាំងពីរ៕