(ភ្នំពេញ)៖ នៅវេលាម៉ោង៦៖០០ល្ងាច ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន លោក សឹង ប៊ុណ្ណា ប្រធានក្រុមហ៊ុនវាយតំលៃអចលនទ្រព្យ ប៊ុណ្ណារៀលធីគ្រុបហើយ ក្រោមការចោទប្រកាន់ ជុំវិញរឿងចេញសែកគ្មានប្រាក់។ នេះបើតាមការឱ្យដឹងពី លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
លោក ស៊ឹង ប៊ុណ្ណា ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់បទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់។
លោក សឹង ប៊ុណ្ណា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាថ្ងៃត្រង់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ បន្ទាប់ពីមានបណ្តឹងរឿងចេញសែកគ្មានប្រាក់ដែលមានតម្លៃរហូតដល់ ៤០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក។
បើមន្រ្តីតុលាការ, នៅឆ្នាំ២០១៥ លោក សឹង ប៊ុណ្ណា បានខ្ចីប្រាក់ពី លោក កែវ ហ៊ុន ចំនួន ៤០ម៉ឺនដុល្លារជាសាច់ប្រាក់សុទ្ធ។ លុះដល់ឆ្នាំ២០១៦នេះ លោក សឹង បុណ្ណា បានសងវិញតែជាសែក លុះដល់ម្ចាស់បំណុលទៅបើកប្រាក់ស្រាប់តែខាងធនាគារប្រាប់ថា សែកនោះអត់មានសាច់ប្រាក់ទេ ទើបលោក កែវ ហ៊ុន ប្ដឹងតែម្ដង៕