(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំឱ្យអាជ្ញាធររើសាលាស្រុកបន្ទាយស្រីផ្លាស់ទៅតំបន់អភិវឌ្ឍន៍រុនតាឯក រីឯសាលាស្រុកអង្គរធំក៏ត្រូវរើផ្លាស់ទៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងវិញដែរ ខណៈទីតាំងចាស់នៃសាលាស្រុកទាំងពីរនេះគឺស្ថិតនៅក្នុងតំបន់១ ដែលត្រូវបានការពារដោយអាជ្ញាធរជាតិអប្សរា និងមានការហាមឃាត់មិនឱ្យសាងសង់សំណង់ថ្មីៗ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងពិធីសំណេះសំណាលលើកទី៣ជាមួយប្រជាពលរដ្ឋចំនួន១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

នាឱកាសនោះ សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «សាលាស្រុកបន្ទាយស្រីដែលស្ថិតនៅតំបន់១ ត្រូវរើមកនៅក្នុងភូមិរុនតាឯក អ៉ីចឹងបងប្អូននៅភូមិរុនតាឯកគឺត្រូវប៉ាន់តែម្ដង ស្អីក៏មានដែរ ព្រោះសាលាស្រុកនៅហ្នឹងស្រាប់»

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងារតម្រង់ទិស ត្រូវទុកដីសមរម្យសម្រាប់ធ្វើសាលាស្រុកបន្ទាយស្រីថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯកនោះ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យរើសាលាស្រុកអង្គរធំទៅសាងសង់ថ្មីនៅតំបន់អភិវឌ្ឍន៍ពាក់ស្នែងផងដែរ។ សម្ដេចតេជោថ្លែងថា «រីឯសាលាស្រុកអង្គរធំក៏នៅក្នុងតំបន់១ដែរ ដូច្នេះត្រូវលើកទៅធ្វើថ្មីនៅពាក់ស្នែង»

សម្ដេចបានបន្ថែមថា ទីតាំងចាស់នៃសាលាស្រុកទាំងពីរនេះគឺត្រូវបានការពារនិងហាមឃាត់ការសាងសង់សំណង់ថ្មី ដូច្នេះប្រសិនបើធ្វើអ្វីមិនបានដដែល ត្រូវតែផ្លាស់ទៅតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែងវិញចុះ ព្រោះប្រជាជនបានស្ម័គ្រចិត្តយល់ព្រមចាកចេញហើយ អ៉ីចឹងសាលាស្រុកក៏ត្រូវទៅជាមួយប្រជាជនដែរ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលក៏បានណែនាំទៅកាន់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ត្រូវរាយការណ៍ទៅដល់គណៈកម្មការអាយស៉ីស៉ី-អង្គរ (ICC-Angkor) អំពីវឌ្ឍនភាពនិងភាពម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាជូនប្រជាជន និងការការពារតំបន់បេតិកភណ្ឌពិភពលោកនៅតំបន់រមណីយដ្ឋានអង្គរ ខណៈនាពេលខាងមុខឆាប់ៗនេះនឹងមានកិច្ចប្រជុំអាយស៉ីស៉ី-អង្គរផងដែរ ដើម្បីឱ្យសហប្រធានដែលមានជប៉ុននិងបារាំងរាយការណ៍បន្តទៅកាន់អង្គការយូណេស្កូអំពីការខិតខំដោះស្រាយរបស់កម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាគឺមានគោលនយោបាយសមស្របក្នុងការការពារតំបន់បេតិកភណ្ឌពិភពលោកនៅតំបន់រមណីយដ្ឋានអង្គរ និងយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាជូនប្រជាជនរបស់ខ្លួនដែលធ្លាប់រស់នៅតំបន់អង្គរនេះផងដែរ៕