(សៀមរាប)៖ ប្រជាពលរដ្ឋដែលបានចាកចេញពីតំបន់អង្គរ ទៅរស់នៅភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈការផ្ដល់ដីធ្លី និងប័ណ្ណសមធម៌ដែលជាការឧបត្ថម្ភថវិកាប្រចាំខែជូនពួកគាត់ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសជួបសំណេះសំណាលលើកទី៣ ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីយដ្ឋានអង្គរ នៅតំបន់អភិវឌ្ឍន៍រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានអះអាងថា គ្រាន់តែការប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់អ្នកភូមិរុនតាឯក តាមរយៈប័ណ្ណក្រីក្រមិនធ្វើឲ្យរាជរដ្ឋាភិបាលដួលរលំនោះទេ។
យុទ្ធនាការកំណត់ និងផ្ដល់ប័ណ្ណសមធម៌ ជូនប្រជាពលរដ្ឋនៅតំបន់អង្គរដល់ពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្ដសៀមរាប លើកទី១ មានប្រជាពលរដ្ឋទៅទទួលប័ណ្ណសមធម៌ ចំនួន៤,២២៩គ្រួសារ និងយុទ្ធនាការលើកទី២ មានប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដ ប្ដូរទីលំនៅទៅទាំងពីរទីតាំងនេះ ពួកគាត់បានទទួលប័ណ្ណសមធម៌ ចំនួន៤,៧៩៣គ្រួសារ។
មកដល់ពេលនេះ ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ដចាកចេញមាត់ស្ទឹង តំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិពាក់ស្នែង និងទៅរស់នៅរុនតាឯកថ្មីៗ និងកាលពី២ឆ្នាំមុន បានទទួលប័ណ្ណសមធម៌ប្រមាណជិត១ម៉ឺនគ្រួសារ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគិតថា វាមិនធ្វើឲ្យរាជរដ្ឋាភិបាលដួលរលំ ដោយសារតែបង្កើនចំនួនទឹកប្រាក់នោះទេ [...] នេះជាការធានាមួយសម្រាប់បងប្អូនក្នុងការទទួលបានអត្ថប្រយោជន៍ដែលផ្ដល់ដោយរាជរដ្ឋាភិបាល សម្រាប់ការតាំងទីលំនៅថ្មីរបស់បងប្អូន បើទោះបីពេលនេះខ្វះប្រាក់ចំណូល ប៉ុន្ដែគឺយើងទទួលខុសត្រូវលើបញ្ហានេះ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ចំនួនទឹកប្រាក់ដែលផ្ដល់តាមរយៈប័ណ្ណសមធម៌នោះមិនដូចគ្នានោះទេ ពោលអ្នកនៅជនបទផ្សេង អ្នកនៅទីប្រជុំជនផ្សេង ដោយក្នុងនោះ ទីប្រជុំជនបាន១២ម៉ឺនរៀល និងជនបទបាន៨ម៉ឺនរៀល។ សមាជិកក្នុងគ្រួសារម្នាក់ទីប្រជុំជនបាន៤ម៉ឺនរៀល, ទីជនបទបាន២៤,០០០រៀល, កុមារអាយុក្រោម៥ឆ្នាំ បាន៤ម៉ឺនរៀលក្នុងម្នាក់ សម្រាប់ទីប្រជុំជន និងជនបទបាន២៤,០០០រៀល, ជនពិការភាពម្នាក់បាន៤ម៉ឺនរៀល សម្រាប់ទីប្រជុំជន និងជនបទបាន២៤,០០០រៀល, សម្រាប់មនុស្សចាស់ចាប់ពី៦០ឆ្នាំឡើង បាន៤ម៉ឺនរៀល សម្រាប់ទីប្រជុំជន និងជនបទបាន២៤,០០០រៀល។
ដោយឡែក សម្រាប់តំបន់អភិវឌ្ឍន៍រុនតាឯកនេះ បច្ចុប្បន្នជាតំបន់ជនបទ ប៉ុន្ដែរាជរដ្ឋាភិបាលសម្រេចផ្ដល់ជូនថវិកាដូចនៅទីប្រជុំជន នោះមានន័យថា ចំនួនថវិកាបានច្រើនជាងទីតាំងដែលកំណត់ជាតំបន់ជនបទ។ នេះជាអ្វីដែលបានគូសបញ្ជាក់បន្ថែម ដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលបម្រើឲ្យការរស់នៅក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកនេះផងដែរ ដោយក្នុងនោះមានទាំង តបណ្តាញអគ្គិសនីចូលតាមផ្ទះប្រជាពលរដ្ឋដោយមិនគិតថ្លៃនោះឡើយ ហើយការរៀបចំបណ្តាញអគ្គសិនីនៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ត្រូវចំណាយសរុបប្រមាណ ៦លានដុល្លារ។
គួរជម្រាបថា ប្រជាពលរដ្ឋដែលបានកាន់ប័ណ្ណក្រីក្រប្រភេទទី២ ដែលបានរុះរើមករស់នៅតំបន់រុនតាឯក ត្រូវប្តូរយកបណ្ណសមធម៌ (ប័ណ្ឌក្រីក្រប្រភេទ១) ទាំងអស់គ្នា ខណៈចំណូលដែលទទួលបានពីប័ណ្ណក្រីក្រប្រភេទ១ នឹងក្លាយជាផ្នែកមួយជួយគាំទ្រដល់ការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។
ការផ្ដល់ប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ មិនមែនជារឿងថ្មីនោះទេសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ពោលក្នុងដំណាកកាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ក៏បានឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយតែវិបត្តិនេះផងដែរ។ សរុបតាមជុំ និងការស្នើសុំលើកទី១ ដល់លើកទី២៤ មានចំនួន៦៩៣,១៦៩គ្រួសារ ស្មើនឹងមនុស្ស២.៧លាននាក់៕