(សៀមរាប)៖ ថ្លែងនាឱកាសបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថានៅថ្ងៃម្សិលមិញនេះ ប្រទេសកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ឥលូវនេះយើងអត់មានមនុស្សស្លាប់ដោយសារកូវីដ១៩នោះទេ ហើយថ្ងៃពីម្សិលមិញ ដែលត្រូវប្រកាសថ្ងៃនេះនោះ ថ្ងៃនេះកម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩សូម្បីតែម្នាក់ ដែលពីមុនយើងមាន ៥២ថ្ងៃដែលអត់មានកូវីដសូម្បីតែម្នាក់ ឥលូវនេះចាប់ផ្តើមពីថ្ងៃនេះ ប្រកាសថ្ងៃទី២១នេះ គឺសូន្យកូវីដ១៩ទៀត នេះជាជោគជ័យនៃការប្រយុទ្ធនៃជំងឺកូវីដ១៩រួមគ្នា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងរម្លឹកដែរថា នៅពេលមានជំងឺកូវីដ១៩ កំពុងវាយប្រហារខ្លាំងដែលមានអ្នកស្លាប់ឡើងដល់ ៣ ០០៦នាក់ សម្តេចបានបញ្ជារឱ្យមានរៀបចំក្តារមឈូស និងបច្ឆាសម្រាប់ការបូជាសព រកដីសម្រាប់កប់សព ទៅតាមទំលៀមទំលាប់របស់ជនជាតិដើមភាគតិច និងឥស្លាម និងទទួលបានការរិះគន់ដែរថា ការរៀបចំធ្វើក្តារឈូស និងបច្ឆានេះ បានប្រមាថជីវិតប្រជាជន។ ស្របនឹងការរិះគន់នេះសម្តេចបានបញ្ជាក់ដែរថា បើមិនធ្វើដូចនេះនោះច្បាស់ណាស់ប្រជាពលរដ្ឋស្លាប់ដោយសារជំងឺកូវីដ១៩ហើយ នឹងមិនក្តារមឈូស និងគ្មានកន្លែងបូជា និងកប់សពនោះទេ ហើយការធ្វើដូចនេះគឺដោយសាតែសភាពការណ៍បានកើតឡើងដែលតម្រូវឱ្យរៀបចំដូចនេះ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា គិតមកដល់ពេលនេះនៅសល់ក្តារមឈូស មិនតិចនោះទេ ព្រោះក្រោយធ្វើក្តារមឈូសរួចហើយ សភាពការណ៍នៃជំងឺកូវីដ១៩ បានថមថយ នឹងមិនមានមនុស្សស្លាប់ដោយសារកូវីដ១៩ទៀតនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ស្របនឹងសភាពការណ៍ធូរស្បើយនេះ មានប្រជាពលរដ្ឋមួយចំនួនបានទម្លាប់ពាក់ម៉ាស់ទៅហើយ ដែលការពាក់នេះក៏ជាការល្អដែរដើម្បីការពារ ហើយពេលណាដែលចាំបាច់គឺពាក់ទៅដើម្បីការពារ ពេលណាដែលមិនចាំបាច់យើងមិចបាច់ពាក់ទេ ជាក់ស្តែងនៅពេលដែលនៅជុំគ្នាមនុស្សច្រើន យើងពាក់ទៅគឺល្អប្រសើរ។
សូមបញ្ជាក់ដែរថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៧,៩៧៩នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៤,៨៦១នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕