(ភ្នំពេញ)៖ គណបក្សកម្លាំងប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍មួយ គាំទ្រចំពោះការសម្រេចបញ្ចប់សុពលភាពទណ្ឌិត សម រង្ស៉ី ពីអាជីពជាអ្នកនយោបាយ និងដកសិទ្ធិជាស្ថាពរ ក្នុងសំណុំរឿងចុះកិច្ចព្រមព្រៀងកាត់ទឹកដីឱ្យជនជាតិម៉ុងតាញ៉ាវៀតណាម។
តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គណបក្សកម្លាំងប្រជាធិបតេយ្យ បានបញ្ជាក់ថា ខ្លួនសូមធ្វើការគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កាត់ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោតសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។
គណបក្សកម្លាំងប្រជាធិបតេយ្យ បានអះអាងថា ខ្លួនមិនគាំទ្រជាដាច់ខាតចំពោះការចុះកិច្ចព្រមព្រៀងជាសម្ងាត់ ជាមួយមេដឹកនាំជនជាតិវៀតណាមម៉ុងតាញ៉ារបស់ ទណ្ឌិត សម រង្ស៉ី លើការប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក កាលពីឆ្នាំ២០១៣។
គណបក្យកម្លាំងប្រជាធិបតេយ្យ បានចាត់ទុកថា ទណ្ឌិត សម រង្ស៉ី គឺជាអ្នកនយោបាយប្រលោមលោក ដែលមានឈាមជ័រជាជនក្បត់ជាតិតំណពូជបីជំនាន់ មិនតែប៉ុណ្ណោះ ទណ្ឌិតរូបនេះបានរំលោភបំពានច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា៧ ដែលបានចែងអំពីព្រះមហាក្សត្រ ។
គណបក្សកម្លាំងប្រជាធិបតេយ្យក៏បានប្រកាសថ្កោលទោសយ៉ាងពេញទំហឹងចំពោះទង្វើទាំងអស់នេះថាជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងរ និងគ្រោះថ្នាក់បំផុតសម្រាប់សង្គមជាតិ និងប្រទេសជាតិ ដែលមិនអាចលើកលែងទោសឱ្យបាន។
គណបក្សនេះបញ្ជាក់ទៀតថា «ល្បិចក្រុម ទណ្ឌិតសម រង្ស៉ី កំពុងតែបានអន្ទងព្រលឹងខ្មោចបក្សសង្គ្រោះជាតិ ដើម្បីពង្រឹងព្រលឹងបក្សភ្លើងទៀនត្រូវបានបកអាក្រាត ដំរីស្លាប់មិនអាចយកចង្អេរមកបិទបាំងជិតបានឡើយ»។
គណបក្សកម្លាំងប្រជាធិបតេយ្យ បានអំពាវនាវដល់សមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់សូមកុំជឿក្រុមទណ្ឌិត សម រង្ស៉ី តទៅទៀត ហើយធ្វើជាពលរដ្ឋល្អ ដើម្បីអភិវឌ្ឍសង្គមជាតិឱ្យបានរុងរឿង៕