កូរ៉េខាងជើង ចេញយុទ្ធនាការឈប់ជក់បារី តែមេដឹកនាំ គីម ជុងអ៊ុន ឈរជក់កណ្តាលវាល
10-06-2016 17:08
(ស៊ីអិនអិន)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេមើលឃើញថា មិនបានអនុវត្តន៍ ទៅតាមយុទ្ធនាការ ដែលប្រទេសរបស់ខ្លួនកំពុងតែប្រព្រឹត្តឡើយ នោះគឺការអំពាវនាវឲ្យបញ្ឈប់ការជក់ បារីនៅទីសាធារណដើម្បីសុខភាព ដោយលោកបែរឈរកាន់បារីជក់ និងបង្ហុយផ្សែងកណ្តាលវាលតែម្តង។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន CNN នារសៀលថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។
សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ធ្លាប់បានចុះផ្សាយពី យុទ្ធការបញ្ឈប់ការជក់បារីនៅទីសាធារណនេះ ដែលបានប្រព្រឹត្តទៅចាប់តាំងពីខែឧសភាមកម្ល៉េះ ដោយអនុវត្តន៍ទៅលើ ទីសួនច្បារ ផ្សារទំនើប ទីកន្លែងកម្សាន្ត និងជាពិសេសតំបន់ដែលជាកន្លែងមានកុមារជាច្រើន ចូលចិត្តទៅដើរលេង។
តាមពិតរូបភាពនៃការកាន់បារីជក់ របស់លោក គីម ជុងអ៊ុន នោះគឺត្រូវបានថតនិងចេញផ្សាយដោយ សារព័ត៌មានរដ្ឋកូរ៉េខាងជើងខ្លួនឯង ដោយមិនបានគិតថាវាបានបញ្ច្រាស់ទៅនឹងប្រធានបទនោះទេ។
គួរបញ្ជាក់ថា រូបភាពដែលត្រូវបានលុបចោលទៅវិញនោះ គឺបង្ហាញពីលោក គីម ឈរអមដោយមន្ត្រី កំពូលជាច្រើនទៀតនៅទីកន្លែងសាធារណមួយក្នុងទីក្រុងព្យុងយ៉ាង ដោយដៃរបស់លោកមាន កាន់បារីមួយដើម ដែលកំពុងហុយផ្សែង ដែលនេះបានបញ្ជាក់ថាលោកកាលនោះកំពុងជក់បារី៕