(ភ្នំពេញ)៖ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២១០៦នេះ បានប្រកាសដាក់ឲ្យអនុវត្ដយុទ្ធសាស្រ្ដ សហប្រតិបត្ដិការ របស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដែលនេះ ជាផ្នែកមួយនៃការប្ដេជ្ញាចិត្ដជាបន្ដ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវ សុខភាពសាធារណៈ របស់ប្រទេសកម្ពុជា។
យុទ្ធសាស្រ្ដនេះបញ្ជាក់ពីការគាំទ្រ របស់អង្គការសុខភាពពិភពលោក ចំពោះកម្ពុជា ដោយផ្ដល់ជាមូលដ្ឋានមួយ សម្រាប់កិច្ចសហប្រតិបត្ដិការលើវិស័យសុខភាពសាធារណៈ រវាងកម្ពុជា និងអង្គការសុខភាពពិភពលោក ក្នុងរយៈពេល៥ឆ្នាំខាងមុខ (២០១៦-២០២០)។
កម្មវិធីនេះមានការអញ្ជើញ ចូលរួមដោយផ្ទាល់ពី រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង លោក វេជ្ជបណ្ឌិត Shin Young-soo នាយកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៃអង្គការសុខភាពពិភពលោក នាទីស្ដីការក្រសួងសុខាភិបាល។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងថា យុទ្ធសាស្រ្ដសហប្រតិបត្ដិការប្រចាំប្រទេស រយៈពេល៥ឆ្នាំ ដើម្បីកែលម្អស្ថានភាពសុខភាពសាធារណៈ បំពេញបន្ថែមឲ្យផែនការ ដែលមានស្រាប់របស់កម្ពុជា ព្រមទាំងពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រីកសកម្មភាព លើបញ្ហាសុខភាពសាធារណៈ។ ពិសេសក្រសួងនឹងបន្ដធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអង្គការសុខភាពពិភពលោក និងដៃគូដទៃទៀត ក្នុងវិស័យសុខាភិបាល ដើម្បីអនុវត្ដយុទ្ធសាស្រ្ដនេះ ឲ្យបានពេញលេញ សំដៅឆ្លើយតបទៅនឹងតម្រូវការសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។
លោកថ្លែងបន្ដថា ជាងនេះទៅទៀតកម្ពុជា ទទួលបាននូវជោគជ័យយ៉ាងធំធេង ក្នុងការកែលម្អស្ថានភាពសុខភាព ក្នុងរយៈពេលប៉ុន្មានទស្សវត្សចុងក្រោយនេះ ក្នុងនោះរួមទាំងកាត់បន្ថយយ៉ាងច្រើន នូវអត្រាមរណភាពមាតា ក្នុងចំណោមសមិទ្ធិផលផ្សេងៗជាច្រើនទៀត ដោយកម្ពុជា ក៏បានសម្រេចនូវគោលដៅអភិវឌ្ឍន៍សហសត្សវត្ស ដែលទាក់ទងនឹងសុខភាព នៅត្រឹមដំណាច់ឆ្នាំ២០១៥។
លោករដ្ឋមន្ដ្រីបន្ដថា «កម្ពុជាក៏បានពង្រឹង និងពង្រីកប្រព័ន្ធសុខាភិបាល ក្នុងការទទួលសេវាសុខភាពកាន់តែច្រើន ការពង្រីកការគ្របដណ្តប់ គម្រោងគាំពារសុខភាពសង្គម ការបង្កើនការប្តេជ្ញាចិត្តពីរាជរដ្ឋាភិបាល សម្រាប់ហិរញ្ញបទានសេវា និងឱសថសារវន្ត ការត្រៀមបង្ការកាន់ច្រើនថែមទៀត សម្រាប់ជម្ងឺដែលអាចឆ្លងរាលដាលជាសាកល»។
លោកវេជ្ជបណ្ឌិត Shin Young-soo បានថ្លែងកោតសរសើរដល់ប្រទេសកម្ពុជា ដែលសម្រេចបានលទ្ធផលដ៏គួរឲ្យកត់សម្គាល់ នៅក្នុងវិស័យសុខភាពសាធារណ: តាមរយ:ការកែរលម្អជាបន្តនូវប្រព័ន្ធសុខាភិបាលរបស់ខ្លួន ហើយលោកក៏បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ រវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានរីកលូតលាស់កាន់តែធំ ក្នុងរយ:ពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
គូរបញ្ជាក់ថា យុទ្ធសាស្រ្តសហប្រតិបត្ដិការ ប្រចាំប្រទេសឆ្នាំ២០១៦-២០២០នេះ គឺជាការបន្តជាថ្មីទៀត នូវយុទ្ធសាស្រ្តសហប្រតិបត្តិការឆ្នាំ២០០៩-២០១៥ ដែលត្រូវបានរៀបចំឡើងផ្អែកលើផែនការយុទ្ធសាស្រ្តសុខាភិបាលទី៣ របស់កម្ពុជាឆ្នាំ២០១៦-២០២០ ដែលជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការគ្របដណ្តប់សុខភាពជាសាកល៕