(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក។
កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។
សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតអប្សរាចំនួនពីរលើករួចមកហើយ។ លើកទី១ ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ១,១១៧គ្រួសារ។ លើកទី២ ធ្វើឡើងនៅថ្ងៃទី០១ ខែតុលា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៧៥១គ្រួសារ។
ការចំណាយពេលដ៏មមាញឹកនឹងការងារ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួបសំណេះសំណាលដោយផ្ទាល់ជាបន្តបន្ទាប់ ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់នានា ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរៀបចំភូមិឋានថ្មីជូនប្រជាពលរដ្ឋ មិនមែនយកពលរដ្ឋទៅទុកចោលកណ្តាលព្រៃរហោឋាននោះឡើយ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី នៅរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកតំបន់រមណីយដ្ឋានអង្គរ ចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។
ប្រតិបត្តិការក្រោមស្មារតីនៃនយោបាយឈ្នះ-ឈ្នះ គឺឈ្នះទាំងការរក្សារមណីយដ្ឋានអង្គរក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក និងឈ្នះដោយពលរដ្ឋមានកន្លែងស្នាក់អាស្រ័យមួយដ៏ច្បាស់លាស់ គឺទទួលបានជោគជ័យយ៉ាងធំធេងបំផុត។ ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងនៅតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សុទ្ធតែបានជ្រូតជ្រាបពីគោលបំណងរបស់រាជរដ្ឋាភិបាល ហើយបានចូលរួមសហការអនុវត្តន៍ប្រកបដោយក្តីរីករាយ និងមិនបានបង្កការលំបាកណាមួយនោះឡើយ។ នេះជាលទ្ធផលជោគជ័យដ៏ធំធេងសម្រាប់ជាតិកម្ពុជាទាំងមូល។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរជាសម្បត្តិមនុស្សជាតិលើពិភពលោកសម្រេចបានការវាស់វែង និងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ស្ថិតក្នុងតំបន់
រមណីយដ្ឋានអង្គរ ស្ថិតនៅ ១១៤ភូមិ, ២៤ ឃុំ/សង្កាត់ និង ៥ក្រុង/ស្រុក ក្នុងភូមិសាស្រ្ដខេត្តសៀមរាប សរុបចំនួន ៩៧,៩១៣ក្បាលដី ទំហំ ២៩,១១០ ហិកតា។ ក្នុងនោះដីលំនៅឋានចំនួន ៥២,០២១ក្បាលដី ទំហំ ៨,៤២៣ ហិកតា, ក្បាលដីមានសំណង់ចំនួន ៣៩,៣៤៧ក្បាលដី ទំហំ ៦,៣៨៣ ហិកតា និងក្បាលដីគ្មានសំណង់ ១២,៦៧៤ក្បាលដី ទំហំ ២,០៤០ហិកតា។
ដីកសិកម្មចំនួន ៤១,១២៥ក្បាលដី ទំហំ ១៨,៧៩៦ហិកតា និង ក្បាលដីគ្មានទិន្នន័យចំនួន ៤,៧៦៧ក្បាលដី ទំហំ ១,៨៩១ហិកតា។
ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩,៣២៣គ្រួសារ ក្នុងនោះ ៥, ៨២៣គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍រុនតាឯក និង ៣,២០០គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង។
ទន្ទឹមនឹងការងារវាស់វែង និងស្រង់ទិន្នន័យក្បាលដីនៅតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាហើយនោះ ក្រុមការងារក៏បានប្រឹងប្រែងសម្រេចការងារបែងចែកដីឡូតិ៍ ការឈូសឆាយដី និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅភូមិធម្មជាតិរុនតាឯកកន្លែងដែលពលរដ្ឋត្រូវផ្លាស់ទីទៅរស់នៅផងដែរ។ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋលើភូមិធម្មជាតិរុនតាឯក សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារ បណ្តាញអ៉ីនធើណេតជាដើម។ សម្តេចតេជោ ក៏បានសម្រេចផ្តល់ដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ផ្តល់បណ្ណក្រីក្រ បណ្ណស្ត្រីមានផ្ទៃពោះ ផ្តល់ដីពេលបំបែកគ្រួសារ ឧបត្ថម្ភថវិកា ១លាន ៤០ម៉ឺនរៀល ស្បៀងអាហារមួយចំនួនធំ និងស័ង្កសីសម្រាប់ធ្វើផ្ទះចំនួន ៣០សន្លឹកក្នុងមួយគ្រួសារ។
បច្ចុប្បន្នកិច្ចការរៀបចំដី និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី ផ្តល់តួនាទីភារកិច្ចជូនទៅកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដែលដឹកនាំបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ ខេង សុមេធ។ ដើម្បីសម្រេចឱ្យបានតាមបទបញ្ជារបស់សម្តេចតេជោ លើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំសំអាតព្រៃយកដីជូនប្រជាពលរដ្ឋនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានឈរជើងដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ហើយកងវិស្វកម្មបំពេញការងារដោយគ្មានការឈប់សម្រាកនោះឡើយ។
យោងទៅតាមរបាយការណ៍ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់អភិវឌ្ឍន៍រុនតាឯកកំពុងមានសន្ទុះយ៉ាងលឿនលយ ហើយបានលេចចេញជារូបរាងយ៉ាងច្រើនផងដែរ។
ប្រជាពលរដ្ឋ បានសម្តែងក្តីអំណររីករាយជាពន់ពេកចំពោះការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក្នុងការរៀបចំភូមិឋាន និងបង្កភាពងាយស្រួលសម្រាប់ការរស់នៅដល់ពួកគេ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលបានចាប់ដីឡូតិ៍រួចរាល់នោះ បានចាប់ផ្តើមចុះមករៀបចំដីសាងសង់ផ្ទះ និងដាំដុះដំណាំផ្សេងៗនៅលើដីរបស់ពួកគេហើយ។ ប្រជាពលរដ្ឋសុទ្ធតែបានបង្ហាញការពេញចិត្តសម្រាប់ការមករស់នៅភូមិរុនតាឯក ព្រោះពួកគេបានដីកម្មសិទ្ធិស្របច្បាប់តកូនចៅ ហើយអាចរៀបចំការសាងសង់ផ្ទះតាមចិត្តប្រាថ្នា។ ខុសឆ្ងាយពីការរស់នៅតំបន់រមណីយដ្ឋានអង្គរ ដែលមិនមានសិទ្ធិកាន់កាប់ដី ហើយក៏មិនអាចចាត់ចែងសង់ផ្ទះតាមបំណងរបស់ពួកគេនោះដែរ។
សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តមករស់នៅភូមិរុនតាឯក បានបង្ហាញការប្តេជ្ញាចិត្តប្រែក្លាយភូមិរុនតាឯកពីតំបន់ព្រៃទៅជាតំបន់អភិវឌ្ឍន៍ និងមានបំណងធ្វើឱ្យភូមិរុនតាឯកទៅជាកូនក្រុងថែមទៀតផង៕