អភិបាលរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ ក្រុមយុវជនប្រើប្រាស់គ្រឿងញៀន ក្នុងមណ្ឌលកែប្រែឱកាសខ្ញុំ
10-06-2016 17:01
(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រីរាជការក្រោមឱវាទ ចុះសួរសុខទុក្ខ ក្រុមយុវជនដែលកំពុងស្នាក់នៅកែប្រែខ្លួនពីគ្រឿងញៀន ក្នុងមណ្ឌលអប់រំកែប្រែឱកាសខ្ញុំ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលមានទីតាំងស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ក្នុងឱកាសនេះដែរ លោកអភិបាលរាជធានីភ្នំពេញ បានផ្ដាំផ្ញើទៅកាន់ក្រុមយុវជនថា «នៅពេលដែលចេញពីមណ្ឌលកែប្រែនេះទៅ មិនត្រូវបណ្ដោយខ្លូនឱ្យធ្លាប់ចូលក្នុងរណ្ដៅ គ្រឿងញៀនឡើងវិញនោះទេ ហើយបានសូមផ្ដាច់ជ្ញារចិត្តឱ្យបាន»។
បន្ថែមពីនេះ លោកអភិបាលរាជធានី បានស្នើរដល់មាតាបិតាអាណាព្យាបាល នៅពេលមកទទួលយក កូន ក្មួយ ពីមណ្ឌលនាពេលនេះ ត្រូវខិតខំថែទាំសុខភាព និងជួយដល់កូនចៅ ក្នុងការអោយកូនចៅបានទៅរៀនសូត្រឡើងវិញ ឬក៏ទៅធ្វើការជំនាញអ្វីមួយ។
សូមបញ្ជាក់ថា បច្ចប្បន្នជនរងគ្រោះដែលកំពុងស្នាក់នៅក្នុងមណ្ឌលកែប្រែនេះសរុប១១៧៨នាក់ ស្រី៨៥នាក់៕