(ភ្នំពេញ)៖ សម្ដេចព្រះពោធិវ័ង្ស អំ លឹមហេង ប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ចូលរួមថវិកាចំនួន២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្រាលក្នុងការដោះស្រាយបញ្ហាគ្រោះទឹកជំនន់។

បើតាមសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ១០ម៉ឺនគ្រួសារ មានអ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ ប្រមាណ១៨ភាគរយ ស្មើនឹង​ប្រមាណជិត២ម៉ឺនគ្រួសារ ដែលនឹងត្រូវទទួលបានការអន្ដរាគមន៍។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏អំពាវនាវឲ្យបន្ដការយកចិត្ដទុកដាក់ តាមរយៈយុទ្ធការក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋាន, ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន, កាកបាទក្រហមកម្ពុជា និងសប្បុរសជន ជួយដល់បញ្ហាស្បៀង នៅទីកន្លែងដែលមានការខូចខាតធ្ងន់ ​និងអ្នកទីទ័លផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យសិក្សាស្ថិតិប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ហើយផ្តល់ការឧបត្ថម្ភរយៈពេល៣ខែ ដែលអាចចំណាយជាង២លានដុល្លារ។ នាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងចុះចែកពូជស្រូវ ដើម្បីឲ្យប្រជាពលរដ្ឋអាចស្ដារឡើងវិញ នូវដំណាំដែលបានខូចខាតដោយសារគ្រោះទឹកជំនន់ផងដែរ៕