(កណ្តាល)៖ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានរៀបចំកិច្ចពិភាក្សាជាមួយសិល្បករ សិល្បការិនី និងតារាសម្តែង មកពីគ្រួសារតារា​កម្ពុជា និង Impulse Phnom Penh ស្តីពី «ការចូលរួមអប់រំផ្សព្វផ្សាយ ការបង្ការ និងទប់ស្កាត់ការចម្លងមេរោគអេដស៍»។

ពិធីនេះប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ក្រោមអធិបតីភាព លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពី លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ថ្នាក់សាខាខេត្តកណ្តាល និងលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាគណៈទីប្រឹក្សានៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងគណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល សមាជិកក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក្រុមសិល្បករ សិល្បការិនី តារាសម្តែង សកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ និងអ្នកសារព័ត៌មាន សរុបប្រមាណ ១០០នាក់។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានថ្លែងថា រយៈពេល ៩ខែដើមឆ្នាំ២០២២នេះ សាខាបានផ្តល់កញ្ចប់ជំនួយដល់ស្រ្តីសម្រាលកូននៅតាមមន្ទីរពេទ្យ និងរៀបចំកម្មវិធីផ្សព្វផ្សាយពីសារប្រយោជន៍នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាពមាតា ទារក ពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល ដល់ស្រ្តីមានផ្ទៃពោះ និងស្ត្រីក្នុងវ័យបន្តពូជ។

លោកបន្តថា សាខាក៏បានយកចិត្តទុកដាក់ធ្វើការអប់រំផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការចម្លងមេរោគអេដស៍ ដល់ប្រជាពលរដ្ឋទូទៅ និងយុវវ័យដោយបញ្ជ្រាបជាមួយនឹងកម្មវិធីផ្សេងៗរបស់សាខាផងដែរ។

ថ្លែងក្នុងឱកាសបើកកិច្ចពិភាក្សានោះ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានជួបជាមួយសិល្បករ សិល្បការិនី តារាសម្តែង សកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ និងអ្នកសារព័ត៌មាននាថ្ងៃនេះ។

លោកស្រីបានថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ដែលបានរៀបចំ និងឧបត្ថម្ភគាំទ្រដល់កម្មវិធីថ្ងៃនេះ។

ទន្ទឹមនឹងនេះ លោកស្រីបានជម្រាបជូនពីសារបានរបស់ឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ និងប្រគល់ជូននូវគោរមងារដ៏ឧត្តុង្គឧត្តមចំនួន២ ជូនដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែម្នាក់គត់នៅក្នុងប្រទេស នោះគឺឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ទទួលបានថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៦ និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ទទួលបានថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១១។

លោកស្រីបានបញ្ជាក់ថា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជាសេនាធិការរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែចុះធ្វើការអប់រំផ្សព្វផ្សាយជាប្រចាំស្តីពីការងារអេដស៍ និងសុខភាពមាតាទារក និងកុមារ។

ដោយឡែក ការជួបជុំជាមួយសិល្បករ សិល្បការិនី តារាសម្តែងក្នុងថ្ងៃនេះ គឺក្នុងន័យរួមគ្នាពិភាក្សា ពិគ្រោះយោបល់លើបញ្ហាអេដស៍ ដើម្បីផលប្រយោជន៍ក្នុងសង្គមជាតិរបស់យើង ព្រោះថាបងប្អូនក្មួយៗទាំងអស់សុទ្ធតែមានបញ្ញា ស្មារតីដែលអាចចូលរួមសម្រេចឱ្យបាននូវផែនទីយុទ្ធសាស្ត្រ ឈានទៅបញ្ចប់បញ្ហាអេដស៍នៅឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត ទា ផលា បានចែករំលែកបទពិសោធន៍ផ្ទាល់របស់ក្រុមសកម្មជនអេដស៍ ដែលជាអ្នកផ្ទុកមេរោគអេដស៍ ក្រុមបំប្លែងភេទ ក្រុមបុរសរួមភេទជាមួយបុរស និងក្រុមស្រ្តីបម្រើសេវាកម្សាន្តសប្បាយ។ លោកវេជ្ជបណ្ឌិតបន្ដថា «យើងត្រូវខិតខំធ្វើយ៉ាងណា ស្វែងរកឱ្យឃើញអ្នកឆ្លងថ្មី និងអ្នកដែលលាក់មុខ ដើម្បីទៅទទួលឱសថប្រឆាំងមេរោគអេដស៍ និងទប់ស្កាត់កុំឱ្យឆ្លងបន្តទៅអ្នកដទៃទៀត។

ទន្ទឹមនឹងនេះ ត្រូវជំរុញលើកទឹកចិត្តឱ្យហ៊ានធ្វើតេស្តរកមេរោគអេដស៍ ព្រោះថាបច្ចុប្បន្នមានឧបករណ៍ធ្វើតេស្តបានដោយខ្លួនឯងផងដែរ ជារួមគឺបញ្ហាអេដស៍ ត្រូវនិយាយ ត្រូវស្តាប់ ត្រូវមើល និងត្រូវធ្វើសកម្មភាពទាំងអស់គ្នា។

ជាថ្មីម្តងទៀត លោកស្រី ម៉ែន នារីសោភ័គ បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃអង្គពិធី ហើយសង្ឃឹមជឿជាក់ថា សិល្បករ សិល្បការិនី និងតារាសម្ដែងទាំងអស់ដែលសុទ្ធតែជាអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គម នឹងចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការការចម្លងមេរោគអេដស៍ តាមមធ្យោបាយថ្មី ធានាជ្រួតជ្រាបនូវសារអប់រំផ្សព្វផ្សាយបានទូលំទូលាយដល់ស្រទាប់យុវវ័យគ្រប់មជ្ឈដ្ឋាននៅក្នុងទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងប្រឈមនឹងវិបត្តិនៃការឆ្លងជំងឺអេដស៍៕