(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំទទួលភារកិច្ច ស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងចែកស្រូវពូជជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩។ បន្ទាប់ពីចប់កិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានត្រួតពិនិត្យកម្លាំង ដេីម្បីធ្វេីការបែងចែកតួនាទី-ភារកិច្ច ចុះតាមគោលដៅ ការពារសន្តិសុខ សុវត្ថិភាពជូនសម្តេចតេជោ ហ៊ុន សែន។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវពង្រឹងតាមគោលដៅរៀងៗខ្លួន យ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត សំដៅធ្វេីយ៉ាងណាការពារសុវត្ថិភាព ជូនប្រមុខរាជរដ្ឋាភិបាល ប្រកបដោយឆន្ទៈ និងស្មារតីទទួលខុសត្រូវតាមតួនាទី ភារកិច្ចរបស់ខ្លួន៕