(កំពង់ធំ)៖ លោក ងួន រតន: អភិបាលខេត្តកំពង់ធំ នាំយកស្បៀងបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចែកជូនប្រជាពលរដ្ឋដែលប៉ះពាល់ជីវភាពនៅក្នុងរដូវវស្សា ចំនួន៨៧១គ្រួសារ នៅឃុំផាត់សណ្តាយ ដែលជាឃុំមួយស្ថិតនៅលើផ្ទៃទឹកនៃបឹងទន្លេសាប ក្នុងស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ។
លោក ងួន រតនៈ បានលើកឡើងថា ប្រជាពលរដ្ឋដែលជាប្រជានេសាទនៅទីនេះ ពឹងផ្អែកទៅលើធនធានជលផល នៅក្នុងរដូវវស្សាដែលទឹកទន្លេមានការហក់ឡើងខ្លាំងនេះ ធ្វើឲ្យការរកចំណូលប្រចាំថ្ងៃរបស់បងប្អូនមានការថយចុះ។
លោក ងួន រតនៈ បានបន្តទៀតថា ក្រៅពីការផ្ដល់ស្បៀងបន្ទាន់នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគិតគូរដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត កន្លងមកនៅក្នុងកំឡុងពេលនៃការរីករាលដាជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល បានផ្ដល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីជួយសម្រួលជីវភាពគ្រួសារក្រីក្រ ដែលទទួលរងផលប៉ះពាល់នៃជំងឺកូវីដ១៩។
ទន្ទឹមនឹងនោះអភិបាលខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៨៧១គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ និងទឹកបរិសុទ្ធ៕