(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធី បំពាក់ឋានន្តរសក្ដិ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងនាយ នាយរង នៃកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។ ក្នុងនោះបំពាក់ឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ ចំនួន៧នាក់ និងថ្នាក់វរសេនីយ៍ត្រី ចំនួន១៥នាក់។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានក្រើនរំលឹក និងដាក់បទបញ្ជាដល់កម្លាំងអាវុធហត្ថទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្ក្រាប និងទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន តាមអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំឲ្យរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងពង្រឹងកិច្ចសហការជាមួយបណ្ដាញស្ថាប័នពាក់ព័ន្ធ សំដៅរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ៕