(ពោធិ៍សាត់)៖ ស្បៀងសង្គ្រោះបន្ទាន់ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានត្រូវលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា នាំយកទៅចែកជូនដល់ប្រជាកសិករ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេ ចំនួន១,៦២៤គ្រួសារ ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង ដោយបានការចូលរួម ពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោក ចេង ឡៃ អភិបាលខេត្តស្តីទី តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់, លោកអភិបាលរងខេត្ត, អាជ្ញាធរស្រុក, ក្រុមប្រឹក្សាឃុំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

លោក កែវ រតនៈ បានថ្លែងថា គ្រោះមហន្តរាយទឹកជំនន់ឆ្នាំនេះ បានបង្កឱ្យមានការលិចលង់ផ្ទះសម្បែង ស្រែស្រូវ ផលដំណាំ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ ពិបាកក្នុងការធ្វើដំណើរ និងការប្រកបមុខរបរប្រចាំថ្ងៃទៀតផងដែរ។ ដោយមើលឃើញអំពីទុក្ខលំបាក ការរស់នៅរបស់ប្រជាកសិករ ដែលទទួលរងគ្រោះដោយទឹកជំនន់នោះ, សម្តេចតេជោ ហ៊ុន សែន បានផ្ដល់នូវស្បៀងសង្គ្រោះបន្ទាន់ សម្រាប់យកមកចែកជូនប្រជាពលរដ្ឋ ក្នុងខេត្តពោធិ៍សាត់ ដូចនៅស្រុកបាកាន ចំនួន៥០តោន និងស្រុកកណ្តៀងនាពេលនេះ ចំនួន៥០តោន។ ការចែកអំណោយទាំងនេះ គឺមិនបានចែកគ្រប់គ្នានោះទេ ដោយអាជ្ញាធរស្រុកស្រង់យកតែអ្នកដែលប៉ះពាល់ខ្លាំង មានជីវភាពទន់ខ្សោយជាងគេ ក្នុងចំណោមអ្នកដែលប៉ះពាល់ទាំងអស់ប៉ុណ្ណោះ។

លោកបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ជាពិសេសនៅកន្លែងណាដែលងាយរងគ្រោះ ដើម្បីកំណត់មុខសញ្ញា និងជម្លៀសពួកគាត់ឱ្យមករកទីទួលមានសុវត្ថិភាព ព្រមទាំងបានណែនាំដល់អាជ្ញាធរស្រុក ក៏ដូចជាមន្ទីរជំនាញ ត្រូវសិក្សាអំពីផលប៉ះពាល់ដំណាំស្រូវ នៅក្នុងភូមិសាស្ត្រសាម៉ី ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេនេះ ដើម្បីត្រៀមផ្តល់ពូជស្រូវ និងដំណាំរួមផ្សំ ជូនដល់ប្រជាពលរដ្ឋសម្រាប់ស្តារជីវភាពឡើងវិញបន្ទាប់ពីទឹកស្រកទៅវិញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ខាងមុខ។

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកកណ្តៀង ដែលបានទទួលស្បៀងសង្គ្រោះបន្ទាន់ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទាំង១,៦២៤គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម រួមទាំងអំណោយបន្ថែមរបស់លោក កែវ រតនៈ មានទឹកត្រី និងទឹកស៊ីអ៊ីវ ២យួរផងដែរ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដល់អង្ករចំនួន១០០តោន តាមរយៈអ្នកឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុន MDS ហេងហ៊ី អ៊ីនវេសម៉ិន ឯ.ក សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ នៅខេត្តពោធិ៍សាត់ ហើយអង្ករចំនួន៥០តោន ត្រូវបានបែងចែកទៅស្រុកបាកាន និង៥០តោនទៀត ត្រូវបានបែងចែកទៅស្រុកកណ្តៀង ព្រោះស្រុកទាំងពីរនេះ លិចលង់ធ្ងន់ធ្ងរជាងគេ៕