(កណ្តាល)៖ ដោយមានការចង្អុលបង្ហាញពីលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, លោក ថេង មករា មេបញ្ជាការកងរាជអាវធហត្ថស្រុក បាននាំយកអំណោយមនុស្សធម៌ មកចែកជូនបងប្អូនខ្មែរឥស្លាមចំនួន៥គ្រួសារ ដែលជីវភាពខ្វះខាត នៅមូលដ្ឋានឃុំជ័យធំ។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីលោកមេប៉ុស្តិ៍នគរបាលឃុំជ័យធំ និងមេប៉ុស្តិ៍នគរបាលឃុំសន្លុង ព្រមទាំងអាជ្ញាធរមូដ្ឋានឃុំជ័យធំមួយចំនួនផងដែរ។ អំណោយដែលនាំយកមកប្រគល់ជូនបងប្អូនខ្មែរឥស្លាមនាពេលនេះរួមមានគ្រឿងឧបភោគ បរិភោគ និងឃីតមួយកញ្ចប់ជាដើម។
លោក ថេង មករា បានថ្លែងថា អំណោយដែលនាំមកប្រគល់ជូនបងប្អូននាពេលនេះ បើទោះបីមានចំនួនតិចតួចក្តី ប៉ុន្តែ សង្ឃឹមថា វានឹងបានចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកបញ្ជាការកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ក៏បានអំពាវនាវប្រជាពលរដ្ឋឱ្យអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។ ក្នុងនោះអ្នកដែលត្រូវចុះឈ្មោះគឺ៖ អ្នកមានអាយុ១៨ ឆ្នាំឡើងទៅ, អ្នកមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន, អ្នកផ្លាស់ប្តូរទីលំនៅ, អ្នកកែតម្រូវឈ្មោះ និងកែតម្រូវថ្ងៃខែឆ្នាំកំណើត។
សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ រយៈពេល៥០ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅតាមបណ្តាឃុំ-សង្កាត់ ទូទាំងប្រទេស។ ដោយឡែក ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នឹងធ្វើឡើងនៅអាទិត្យ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕