(ភ្នំពេញ)៖ ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុមប្រតិបត្ដិការផ្ទាល់ បានអញ្ជើញធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» នៅសាលប្រជុំអាគារ TCT ជូនដល់លោក-លោកស្រីស្នងការរង និងនាយការិយាល័យ មកពីផែនការងារសេនាធិការ សន្តិសុខ ប្រឆាំងគ្រឿងញៀន នគរបាលព្រហ្មទណ្ឌ ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់អនុក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (អនុក្រុមការងារ បសប.ហភ) នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមសរុបចំនួន ៤១រូប។
វគ្គបណ្តុះបណ្តាលនៅថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ រៀបចំឡើងដោយក្រុមការងារ បសប.ហភ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងគាំទ្រដោយនគរបាលសហព័ន្ធអូស្ត្រាលី (AFP)។
ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងយន្តការប្រឆាំងការសម្អាតប្រាក់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការងារស៊ើបអង្កេតលើសញ្ញាណនៃបទល្មើសសម្អាតប្រាក់ប្រកបដោយនិរត្តរភាព ក្នុងនោះដែរមេរៀនមានខ្លឹមសារដូចខាងក្រោម៖
* ទិដ្ឋភាពរួមនៃការងារប្រឆាំងការសម្អាតប្រាក់
* នីតិវិធីប្រតិបត្តិស្តង់ដារ (S.O.P) សម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់
* បច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់
* របៀបធ្វើសំណើសុំពីស្ថាប័នពាក់ព័ន្ធ
* ពិភាក្សា និងធ្វើបទបង្ហាញលើករណីសិក្សា។
គួរបញ្ជាក់ថា ក្រុមការងារ បសប.ហភ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោងនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» ជូនដល់នាយនគរបាលជាតិនៅក្នុងផែនជំនាញ របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ១៦ផ្សេងទៀតផងដែរ៕