(កំពង់ឆ្នាំង)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានយាងចុះសួរសុខទុក្ខ និងនាំព្រះអំណោយជាគ្រឿងឧបភោគ សម្ភារ និងថវិកាមួយចំនួន ចែកជូនប្រជានុរាស្ត្រក្រីក្រចំនួន៥០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ស្ថិតនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។
ព្រះអំណោយដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នាំយកទៅចែកជូនប្រជានុរាស្ត្រក្រីក្រទាំង៥០គ្រួសារ រួមមាន៖ ថ្នាំ អង្ករ មី ទឹកត្រី ត្រីខកំប៉ុង ឆៃប៉ូវ សៀង និងថវិកា ដើម្បីចូលរួមចំណែកកាន់បន្ថយការលំបាករបស់ប្រជានុរាស្ត្រមួយគ្រាផងដែរ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់មានបន្ទូលក្រើនរំឮកដល់ប្រជានុរាស្ត្រដែលកំពុងរងគ្រោះដោយសារទឹកជំនន់ទន្លេគ្រប់ក្រុមគ្រួសារត្រូវថែទាំសុខភាព ពិសេសកូនចៅតូចៗកុំបណ្ដែតបណ្ដោយឱ្យលេងទឹក ដែលអាចនាំមកនូវគ្រោះថ្នាក់ផ្សេងៗ។
ព្រះអង្គម្ចាស់ បានបន្ទូលថា ដោយឡែកនៅពេលទឹកស្រក់សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះ ឱ្យបានស្អាតឱ្យមានអនាម័យល្អ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះ ឬកន្លែងផ្សេងៗ ក្នុងផ្ទះដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ និងបន្តទប់ស្កាត់ជំងឺកូវីដ អនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល «៣កុំ និង៣ការពារ»៕