(ភ្នំពេញ)៖ លោក ព្រុំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា នៅចុងឆ្នាំនេះ មន្ដ្រីរាជការស៉ីវិលនៅថ្នាក់ជាតិ ប្រមាណជាង៤ម៉ឺននាក់ នឹងទទួលបានអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការស៊េរីថ្មី ដែលអាចប្រើប្រាស់ដើម្បីដកប្រាក់បៀវត្សតាមម៉ាស៉ីន ATM ខណៈបច្ចុប្បន្នក្រសួង កំពុងសហការជាមួយធនាគារឯកជន ដើម្បីរៀបចំការងារនេះ។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងមុខងារសាធារណៈ» លោករដ្ឋមន្ដ្រី ព្រុំ សុខា បានអះអាងថា អ្វីដែលជាការចង់បានរបស់ក្រសួងមុខងារសាធារណៈ ក្នុងការកែសម្រួលអត្តសញ្ញាណប័ណ្ណមន្ដ្រីរាជការស៉ីវិល ក្រៅពីប្រើប្រាស់សម្រាប់ដកប្រាក់បៀវត្សតាមម៉ាស៉ីន ATM នៅក្នុងស្រុកហើយនោះ គឺអាចប្រើប្រាស់នៅក្រៅប្រទេសថែមទៀតផង។

លោក ព្រុំ សុខា ​បានថ្លែងយ៉ាងដូច្នេះថា «ក្រសួងមុខងារសាធារណៈ សហការជាមួយធនាគារឯកជនដៃគូ ដើម្បីធ្វើការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្រ្តីរាជការស៊ីវិលប្រភេទថ្មី ដែលមានលក្ខណៈជាស្មាតកាត (Smart Card)។ យើងខិតខំចុងឆ្នាំនេះ គឺដាក់ឲ្យមានកាតនេះប្រើ ពិសេសនៅថ្នាក់ជាតិជាង៤ម៉ឺននាក់ ខាងថ្នាក់ក្រោមជាតិ នឹងប្រើពេលនៅថ្ងៃខាងមុខទៀត»

លោករដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា កន្លងមកអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ត្រូវបានបោះពុម្ព និងផ្ដល់ជូនមន្ត្រីរាជការស៊ីវិលប្រើប្រាស់ជាផ្លូវការ តាំងពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០១៥ ប៉ុន្តែត្រូវបានអាក់ខានរហូតមកដល់សព្វថ្ងៃ។

លោកគូសបញ្ជាក់ថា បច្ចុប្បន្នក្រសួងកំពុងខិតខំអភិវឌ្ឍ និងធ្វើទំនើបកម្មផ្នែកសូហ្វវែរ (Software) ដោយសមត្ថភាពខ្លួនឯង និងប្រឹងប្រែងធ្វើទំនាក់ទំនង ដើម្បីទទួលបាននូវម៉ាស៊ីនហាតវែរ (Hardware) ទំនើប ជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ ស្របតាមស្មារតីនៃក្របខ័ណ្ឌគោលនយោបាយ រដ្ឋាភិបាលឌីជីថល។

លោករដ្ឋមន្ដ្រី បានបន្ថែមទៀតថា ដោយមានការសម្របសម្រួល និងការគាំទ្រពីដៃគូសហការរបស់រដ្ឋ ចំណាយលើការបោះពុម្ពអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលប្រភេទថ្មីនេះ ត្រូវបានរ៉ាប់រងដោយធនាគារឯកជន ហើយពុំតម្រូវឲ្យម្ចាស់ប័ណ្ណបង់ថ្លៃឡើយ។

សូមជម្រាបថា បច្ចុប្បន្ននេះមន្រ្តីរាជការស៊ីវិលទូទាំងប្រទេស មានចំនួន ២២៦,៩៤៩ នាក់ ក្នុងនោះថ្នាក់ជាតិមានចំនួន ៤៩,៨៤៥នាក់ និងថ្នាក់ក្រោមជាតិមានចំនួន ១៧៧,១០៤នាក់៕