(ភ្នំពេញ)៖ លោកបណ្ឌិត ចូហ្សេ រ៉ាម៉ូស ហរតា (Jose Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានប្តេជ្ញាប្រឹងប្រែងដើម្បីឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យមានការហោះហើរ និងការផ្លាស់ប្តូរការធ្វើដំណើរតាមផ្លូវអាកាស ជាមួយកម្ពុជា។
ការប្តេជ្ញាចិត្តរបស់លោកប្រធានាធិបតី បង្ហាញឡើងនារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោក ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមរយៈជំនួបសវនាការនាពេលនេះ ឯកឧត្តមប្រធានាធិបតីសង្ឃឹមថា នឹងខិតខំប្រឹងប្រែងពង្រឹងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសការឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឱ្យមានការហោះហើរ និងការផ្លាស់ប្តូរការធ្វើដំណើរតាមផ្លូវអាកាស។ ជាងនេះទៅទៀត នឹងខិតខំបង្កឱកាសឱ្យសហគ្រិនកម្ពុជាទៅវិនិយោគនៅប្រទេសទីម័រឡេស្តេ»។
ក្នុងនាមព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា ក៏បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះលោកប្រធានាធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ សម្តេច សាយ ឈុំ ចាត់ទុកថា ពិតជាមានសារសំខាន់ដល់ការពង្រឹងពង្រីកនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនជាងទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ក្នុងឱកាសនោះ លោកប្រធានាធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ដែលគាំទ្រប្រទេសទីម័រឡេស្ដេចូលជាសមាជិកអាស៊ាន។ លោកជឿជាក់ថា ប្រទេសទាំងពីរនឹងខិតខំពង្រីកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកធំធាត់បន្ថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ជាមួយគ្នានេះ ប្រទសកម្ពុជាក៏អាចនាំអង្ករ និងសម្ភារផ្សេងៗ ទៅកាន់ប្រទេសទីម័រឡេស្តេផងដែរ។
លោកប្រធានាធិបតីបានគូសបញ្ជាក់ថា នៅពេលដែលប្រទេសទីម័រឡេស្តេបានចូលជាសមាជិកអាស៊ាន ប្រទេសទីម័រឡេស្តេនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តថែមទៀត ដើម្បីធ្វើយ៉ាងណាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ព្រមទាំងលើកកម្ពស់ការថែរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ ប្រកបដោយវិបុលភាព និងចីរភាព។
លោកប្រធានាធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ លោកបានគោរពអញ្ជើញ សម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេក្នុងពេលវេលាសមស្របណាមួយ។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរដែលមានការរីកចម្រើនជាលំដាប់។ ការរីកចម្រើននេះ បានស្ដែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ ជំនួបតាមប្រព័ន្ធ វីដេអូ ការផ្ញើរសារជូនពរទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភា បានឯកភាពចំពោះប្រសាសន៍របស់លោកប្រធានាធិបតី ដែលមានបំណងធ្វើការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានទំហំធំថែមទៀត។ សម្តេច ប្រធានព្រឹទ្ធសភាបានអបអរសាទរ និងគាំទ្រកិច្ចព្រមព្រៀង និងអនុសារណៈយោគយល់គ្នាដែលមានស្រាប់ និងកិច្ចព្រមព្រៀងនិងអនុសារណៈយោគយល់គ្នា ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីនាឱកាសនេះ។ ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភាសូមលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាត់តាំងអនុវត្តឲ្យមានប្រសិទ្ធភាពដើម្បីជាគុណប្រយោជន៍ដល់វឌ្ឍនភាព វិបុលភាព សុភមង្គល និងការអភិវឌ្ឍរបស់ប្រជាជន និងប្រទេសទាំងពីរ។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា សភាកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងវេទិកាអន្តរសភានានាដូចជា៖ IPU, AIPA, APF, APPF, ASCEP និង CLV ជាដើម។ ព្រឹទ្ធសភាកម្ពុជា មានបំណងកសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដ ដើម្បី រួមចំណែកដល់ការពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែទំលំទូលាយ ស៊ីជំរៅ និងរឹងមាំជាងនេះទៀត។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការកោតសសើរ និងអបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនទីម័រខាងកើតដែលសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ចសង្គមប្រកបដោយជោគជ័យ និងសូមប្រសិទ្ធិពរជូន រដ្ឋាភិបាល និងប្រជាជនទីម័រខាងកើតសម្រេចបាននូវជោគជ័យធំៗ និងថ្មីៗជាងនេះទៀត ដើម្បីឈានទៅសម្រេចគោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
ឆ្លើយតបនឹងការអញ្ជើញរបស់លោកប្រធានាធិបតី សម្តេចប្រធានព្រឹទ្ធសភានឹងរកពេលវេលាសមស្របណាមួយ ដើម្បីទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ។
តាមរយៈលោកប្រធានាធិបតី សម្តេចបានផ្តាំផ្ញើការសួរសុខទុក្ខដោយសេចក្តីរាប់អាន ដោយសេចក្តីនឹករលឹក ជូនចំពោះលោកប្រធានសភាជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត៕