(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្ត (ទីម័រខាងកើត) បានជំរុញឱ្យវិនិយោគិនទីម័រ មកវិនិយោគលើវិស័យកែច្នៃស្រូវអង្ករនៅកម្ពុជា ហើយនាំចេញអង្ករពីទៅកាន់ប្រទេសទីម័រឱ្យបានកាន់តែច្រើន។

លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា វ័យ ៧២ឆ្នាំ បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ លោកបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព នៅរសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបនេះ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងជំនួបនេះ លោកប្រធានាធិបតី បានថ្លែងអំណរគុណសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រទីម័រខាងកើត ជាពិសេសទៅលើវិស័យអភិវឌ្ឍ កសាងជាតិ ស្ថិរភាពសង្គម និងគាំទ្រសមាជិកភាពរបស់ទីម័រខាងកើត នៅក្នុងសហគមន៍អាស៊ាន ហើយថ្មីៗនេះទៀត ក៏បានឧបត្ថម្ភដល់ទីម័រនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងគ្រឿងបរិក្ខាផ្សេងទៀតផងដែរ។

លោកប្រធានាធិបតី បានជម្រាបជូនសម្តេចតេជោថា លោកបានមកធ្វើទស្សនកិច្ចនៅកម្ពុជាច្រើនដងហើយ ដោយលោកបានសង្កេតឃើញថា កម្ពុជាមានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានេះទំនាក់ទំនងរវាងកម្ពុជា និងទីម័រខាងកើត ក៏មានការរីកចម្រើនផងដែរ។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា «ក្នុងន័យនេះឯកឧត្តម​ក៏បានបញ្ជាក់ជូនសម្តេចតេជោនូវបំណងចង់ពង្រីកពង្រឹង ចំណងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង តាមរយៈឱ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរ ក៏ដូចជាវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ»

នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរជូន លោកប្រធានាធិបតី ដែលបានជាប់ឆ្នោតភ្លូកទឹកភ្លូកដី ហើយកាន់តំណែងប្រធានាធិបតីជាលើកទី២។ សម្តេចក៏បានសម្តែងនូវអំណរគុណចំពោះ លោកប្រធានាធិបតី ដែលបានធ្វើការវាយតម្លៃលើទំនាក់ទំនងប្រទេសទាំងពីរ ខណៈឆ្នាំនេះជាខួបទី២០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលកន្លងមកទំនាក់ទំនងនេះមានការកើនឡើងជាលំដាប់។

សម្តេចតេជោ បានសម្តែងស្វាគមន៍ចំពោះការហោះហើរត្រង់រវាងទីម័រខាងកើត និងព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានចាត់ទុកថា ការហោះហើរត្រង់នេះ នឹងចូលរួមចំណែកពង្រីកពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងពាណិជ្ជកម្មដែល ឯកឧត្តម ចូហ្សេ ម៉ានូអែល រ៉ាមូស ចង់ពង្រីករវាងប្រទេសទាំងពីរនេះ ជាពិសេសលើវិស័យកសិកម្មនោះ សម្តេចតេជោ បានមានប្រសាសន៍ថា គប្បីណាមានអ្នកវិនិយោគទីម័រខាងកើត មកវិនិយោគនៅកម្ពុជាយើង លើម៉ាស៊ីនកិនស្រូវ លើម៉ាស៊ីនសម្ងួត ក៏ដូចជាទិញស្រូវអង្ករពីកម្ពុជាយើងដើម្បីធ្វើការទិញកិនហើយនាំចេញទៅប្រទេសទីម័រខាងកើតតែម្តង»

សម្តេចបានបញ្ជាក់ប្រាប់លោកប្រធានាធិបតីថា កម្ពុជាបានអនុញ្ញាតឱ្យបរទេសវិនិយោគ១០០ភាគរយ ហើយនេះជាកត្តាសំខាន់សម្រាប់អ្នកវិនិយោគរបស់ទីម័រខាងកើតមកកាន់កម្ពុជា។ សម្តេចបានលើកទឹកចិត្តឱ្យជំរុញ អនុវត្តលើរាល់អនុស្សារណៈទាំងឡាយណា ដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានចុះហត្ថលេខាហើយ ហើយក៏បានស្នើសុំឱ្យមានការពិនិត្យជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ក៏ដូចជាវិស័យសន្តិសុខផងដែរ៕