(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានអះអាងពីការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ លើមេធាវីដែលធ្វើខុសវិជ្ជាជីវៈ ខណៈមានមេធាវី ចំនួន៨រូប បានទទួលរងទណ្ឌកម្ម។ ទោះជាយ៉ាងនេះក្តី មិនទាន់មានមេធាវីណាម្នាក់ ត្រូវបានចាត់វិធានការបណ្តេញចេញពីក្របខណ្ឌ វិជ្ជាជីវៈសេរីមួយនេះទេ។

ក្នុងទិសដៅទាំង ១៣ចំណុច សម្រាប់អាណត្តិទី២ របស់ខ្លួន លោក លី ច័ន្ទតុលា នឹងបន្តពិនិត្យ និងតាមដាន និងមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់ និងវិធានរបស់គណៈមេធាវី និងសិក្សាឡើងវិញ អំពីយន្តការដាក់ទណ្ឌកម្មវិន័យ របស់ក្រុមប្រឹក្សាគណៈមេធាវី។

ប្រធានគណៈមេធាវី បានបញ្ជាក់យ៉ាងដូច្នេះថា «(ទាំង ៨នាក់នោះ) យើងមានការបញ្ឈប់ការប្រកបវិជ្ជាជីវៈជាបណ្តោះអាសន្ន និងស្តីបន្ទោសជាលាយលក្ខណ៍អក្សរ។ យើងមិនទាន់មានការបណ្តេញចេញទេ ដោយសារកំហុសមិនទាន់ដល់កម្រិតធ្ងន់ធ្ងរ»

បើតាមលោក លី ច័ន្ទតុលា ការដាក់ទណ្ឌកម្មមេធាវី កើតឡើងក្រោយពីមានបណ្តឹងទាមទារ។ លោកបានឲ្យដឹងថា គិតមកដល់ខែកញ្ញា ឆ្នាំ២០២២ គណៈមេធាវីបានទទួលបណ្តឹងទាមទារប្រាក់ពីមេធាវី និងទាមទារដាក់ទណ្ឌកម្មវិន័យលើមេធាវី សរុបចំនួន ៥៣សំណុំរឿង ក្នុងនោះ សំណុំរឿងមេធាវីប្តឹងមេធាវីមានចំនួន ៤សំណុំរឿង។

គណៈមេធាវីបានដោះស្រាយដូចខាងក្រោម៖

* ធ្វើការផ្សះផ្សាបានចំនួន ៤៥សំណុះរឿង និងបានសះជា ១៥សំណុំរឿង
* បិទបញ្ចប់សំណុំរឿងបានចំនួន ១៧សំណុំរឿង និងកំពុងចាត់ការមានចំនួន ៣៦សំណុំរឿង
* មេធាវីទទួលរងទណ្ឌកម្មវិន័យ មានចំនួន ៨រូប៕