(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារអរគុណយ៉ាងខ្លាំង ចំពោះការផ្ញើសារជូនពរដល់លោក ក្នុងថ្ងៃខួបកំណើត នៅថ្ងៃទី២០​ ខែតុលា ឆ្នាំ២០២២នេះ។

លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាខ្ញុំត្រូវធ្វើដំណើររាប់រយគីឡូម៉ែត្រ សម្រាកបានតិច ដឹកនាំប្រជុំ និងដោះស្រាយការងារច្រើនមុខ និងច្រើនម៉ោងក្តី ក៏ថាមពលខ្ញុំថ្ងៃនេះត្រូវបានបំពេញឱ្យពេញបរិបូរណ៌ តាមរយៈសារជូនពរ និងលើកទឹកចិត្តជាច្រើនពីសំណាក់លោកតា លោកយាយ លោកអ៊ំ ពូមីងបងប្អូន ក្មួយៗនិងមិត្តៗជាច្រើនទាំងក្នុង និងក្រៅប្រទេស តាមរយៈសារជូនពរដោយផ្ទាល់ និងតាមបណ្តាញព័ត៌មានសង្គម សម្រាប់ថ្ងៃខួបកំណើតរបស់ខ្ញុំ»។

លោកបន្តថា «ខ្ញុំសូមអរគុណដោយស្មោះចំពោះលោកតា លោកយាយ លោកអ៊ំ ពូមីងបងប្អូន ក្មួយៗនិងមិត្តៗទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ចំពោះការរាប់អានចំពោះរូបខ្ញុំ និងចំពោះសារជូនពរដ៏មានអត្ថន័យសម្រាប់ថ្ងៃខួបកំណើតរបស់ខ្ញុំ។ អរគុណជាពិសេសផងដែរចំពោះប្រពន្ធ និងកូនៗ ដែលទោះជាប៉ាជាប់រវល់ការងារនិងបេសកកម្មឆ្ងាយពីផ្ទះ មិនបាននៅជាមួយកូនៗនៅថ្ងៃនេះ ក៏កូនៗបានយោគយល់ និងខំរៀបចំសរសេរជាលិខិតជូនពរឱ្យប៉ាប៉ា»។

សូមជម្រាបថា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ជាខួបគម្រប់ ៤៥ឆ្នាំ ឈានចូល ៤៦ឆ្នាំ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ៕