(ភ្នំពេញ)៖ បន្ទាប់ពីកាអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីកន្លងដល់សប្បុរសជន ឲ្យចូលរួមកសាងនូវអគារសិក្សាថ្មី ក្នុងពុទ្ធិកសាកលវិទ្យាល័យ សីហមុនីរាជា ទៅតាមលទ្ធភាព ដើម្បីផ្ដល់ជាប្រយោជន៍ ក្នុងការជួយអភិវឌ្ឍវិស័យធនធានមនុស្សនៅកម្ពុជា, នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ សមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលជាប្រធានសមាគមនឧកញ៉ាកម្ពុជា បាននាំយកបច្ច័យ ២,៤២១,៧២២ ដុល្លារសម្រាប់កសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានមានបន្ទូល អំពាវនាវដល់អ្នកមានចិត្តបុណ្យទាំងឡាយ ចូលរួមថវិកាកសាងអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីចូលរួមចំណែកវិស័យអប់រំ និងជួយសមណនិស្សិត-និស្សិត គ្រប់រាជធានី-ខេត្ត បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយឥតបង់ថ្លៃរយៈពេល៤ឆ្នាំ។
ទន្ទឹមនឹងការអំពាវនាវតាមរយៈបណ្តាញព័ត៌មាន Fresh News សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក៏បានមានបន្ទូលថ្លែងអំណរគុណ ដល់អ្នកមានចិត្តបុណ្យទាំងឡាយ ដែលបានរួមចំណែកជួយកសាងសាកលវិទ្យាល័យមួយនេះ។
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទូលថា «អាត្មាភាព សូមប្រសិទ្ធពរជ័យមង្គលបវរមហាប្រសើរជូនចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងបុត្រ សូមបានប្រកបដោយព្រះពុទ្ធពរជ័យមង្គលសព្វគ្រប់ប្រការ មានជុន្មាទីឃាយុយឺនយូរ សុខុមាលភាពល្អបរិបូណ៌ ដើម្បីបានរួមដង្ហែតាមសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បិតាស្ថាបនិកសន្តិភាពកម្ពុជា ក្នុងការអភិវឌ្ឍជាតិ មាតុភូមិខ្មែរឲ្យបានរុងរឿងចម្រើន ដូចអារ្យប្រទេសក្នុងលោកជារៀងរហូតតទៅ»។
សូមរម្លឹកថា កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញផងដែរ។
ពុទ្ធិកសាកវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតនៅបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ទល់មុខស្ថានទូតរុស្ស៉ី ក្បែរផ្សារទំនើបអ៉ីអន១។
សប្បុរសជនទាំងឡាយ ក៏អាចចូលរួមបរិច្ចាគតាមកម្លាំងសទ្ធាកសាងអគារសិក្សាមួយនេះ តាមរយៈ៖
* គណនី ABA 077 402 402 $ * គណនី ABA 086 402 402 ៛ * គណនី អេស៉ីលីដា 34830429999999 $ * គណនី អេស៉ីលីដា 34830429999998 ៛ * ឬទំនាក់ទំនងទូរសព្ទលេខ៖ 016 43 43 25 / 070 40 66 68/ 070 211 422 / 077 402 402 * គណនីWing 04377777 (KHR) គណនី wing 04177777 (USD) * ឬចូលទៅកាន់ហ្វេសប៊ុក៖ Preah Sihamoniraja Buddhist University Bachelor និង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ព័ត៌មានថ្នាក់បរិញ្ញាបត្រ៕