(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មាននានា មានប្រជាពលរដ្ឋមួយចំនួន ដែលជាជនរងគ្រោះ ដោយសារបទល្មើសលួច ឬប្លន់ (លួចដោយមានស្ថានទម្ងន់ទោស) បានយកឯកសារសក្ខីកម្ម ដែលពាក់ព័ន្ធនឹងបទល្មើស ខាងលើ ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីរកឱ្យឃើញនូវភាពត្រឹមត្រូវរវាងឯកសារ និងភិនភាគរបស់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលជាផលពីអំពើល្មើស ហើយបានសម្រេចប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញបានមួយចំនួន។

សេចក្តីជូនដំណឹងដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បញ្ជាក់ទៀតថា ក្នុងមួយរយៈពេលកន្លងមកនេះ ដោយពិនិត្យឃើញថា ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើស ហើយត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចាប់យក ដើម្បីស្រាវជ្រាវរកបទល្មើស នៅមិនទាន់មានប្រជាពលរដ្ឋមកទំនាក់ទំនងបន្តទៀតឡើយ។

ដូច្នេះ ដើម្បីមានមូលដ្ឋានក្នុងការអនុវត្តនីតិវិធីបន្តនោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋ ដែលជាជនរងគ្រោះដោយសារអំពើលួច ឬអំពើប្លន់ (លួចដោយមានស្ថាន ទម្ងន់ទោស) ដែលមិនទាន់បានយកឯកសារសក្ខីកម្មពាក់ព័ន្ធនឹងបទល្មើស រួមមានអត្តសញ្ញាណប័ណ្ណ បណ្ណសម្គាល់ យានយន្ត(កាតគ្រី) ពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធដទៃទៀត រួសរាន់មកបង្ហាញជូនតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ផុតរយៈពេលកំណត់ខាងលើ ក្រុមការងារនឹងត្រូវបញ្ចប់ភារកិច្ចរបស់ខ្លួន ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តនីតិវិធីនានាទៀតទៅលើអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទានខុសច្បាប់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

ទំនាក់ទំនងក្រុមការងារ តាមរយៈលេខទូរស័ព្ទ ៖ ០១២ ៩៧៥ ៩៩៣, ០១១ ៩៧៥ ០៣៣ និង ០៨៦ ៧៧៣ ៥៧៩