(សៀមរាប)៖ លោក សុខ ប៊ុនថា រដ្ឋលេខាធិការតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទាំងអស់ត្រូវថែទាំសុខភាពក្នុងក្រុមគ្រួសារដោយ ប្រុងប្រយ័ត្នកូនចៅតូចៗ ខណៈដែលទឹកជំនន់កំពុងតែលិចភូមិឋានរបស់បងប្អូន ពិសេសត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះអាកាសធាតុព្យុះភ្លៀង និងខ្យល់កន្ត្រាក់ដែលកម្ពុជា យើងកំពុងតែរងនូវឥទ្ធិពលគ្រោះធម្មជាតិ។

ការអំពាវនាវនេះ បានធ្វើឡើងខណៈលោក អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយដោយធម្មជាតិ (ជំនន់ទឹកភ្លៀង) ដែលរងគ្រោះមានចំនួន ៣ឃុំ ឃុំក្រឡាញ់ ,កំពង់ថ្កូវ ,សំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដោយមានការចូលរួមពីអភិបាលរងខេត្តសៀមរាប ប្រតិភូអមដំណើរ អគ្គនាយក លោកប្រធាននាយកដ្ឋាន លោកប្រធានមន្ទីរសង្គមកិច្ចខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

ក្នុងឱកាសនោះ លោក សុខ ប៊ុនថា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោករដ្ឋមន្រ្តី វង សូត ដល់បងប្អូន និងក្មួយ ដែលបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំមិនទុកឲ្យពួកគាត់រស់នៅ ដោយឯកោឡើយ។ ជាមួយគ្នានេះ សូមបងប្អូន ប្រុងប្រយ័ត្នខ្ពស់ចំពោះការកើតឡើងនូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ពិសេសត្រូវប្រកាន់ភ្ជាប់នូវអនាម័យល្អកុំអោយមានជម្ងឺដង្កាត់ផ្សេងៗផងដែរ។

ជាមួយគ្នានោះលោក សុខប៊ុនថា ក៏បានចែកជូនគ្រួសារ រងគ្រោះដោយគ្រោះមហន្តរាយ ចំនួន ១០០គ្រួសារ ក្នុង១គ្រួសារ ទទួលបាននូវអំណោយរួមមាន អង្ករ ២៥គីឡូ មី១កេះ ទឹកត្រី ១យួរ ទឹកស៉ីអ៉ីវ ១យួរ ត្រីខ១យួរ និងថវិកា ២០,០០០រៀល ក្នុងបរិវេណសាលាស្រុកក្រឡាញ់ ខេត្តសៀមរាប៕