(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកខ្សាច់កណ្តាល ជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយ លោកនាយក នាយករង នាយិការង លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សត្រៀមប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យចំនួន២ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល គឺវិទ្យាល័យ ហ៊ុន សែន បានដាវ ដែលមានវត្តមានចូលរួមសរុប៩៨ នាក់ និងវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល មានវត្តមានចូលរួមសរុប៤២១ នាក់។
បណ្ឌិត កៅ ថាច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដោយស្មោះស្ម័គ្រ និងគោរពដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការបង្រៀនបំប៉នបន្ថែមម៉ោង ដល់ប្អូនៗសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលឆាប់ៗខាងមុខនេះ។
លោកបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជូនដល់ប្អូនៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំងអស់។
បណ្ឌិត កៅ ថាច បានថ្លែងថា តាមរយៈកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងលើប្រព័ន្ធអប់រំនៅកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ កម្មវិធីសិក្សាអប់រំបានកែប្រែយ៉ាងខ្លាំង សិស្សានុសិស្សបានខិតខំពង្រឹងខ្លួន ទាំងសមត្ថភាព និងចំណេះដឹង ជាក់ស្តែងលទ្ធផល នៃការប្រឡងបាក់ឌុបក្នុងឆ្នាំកន្លងមក ជាសក្ខីភាពបង្ហាញពីភាពជោគជ័យ នៃកំណែទម្រង់ប្រព័ន្ធអប់រំ តាមរយៈពាក្យស្លោក អ្នកចេះគឺជាប់។
បណ្ឌិតបានក្រើនរំលឹកដល់ប្អូនៗ សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រប្រកបដោយអង្គបួនតាមពុទ្ធឱវាទ គឺ សុត (ស្តាប់) ចិន្ត (គិត) បុច្ឆ (សួរ) លិខ (ស្តាប់ គិត សួរ កត់ត្រា) ដែលសម្រាយខ្លីមកហៅថា សុ.ចិ.បុ.លិ. ហើយប្អូនៗត្រូវមានភាពក្លាហាន កុំខ្មាស់អៀន ក្នុងការសាកសួរនូវចម្ងល់ ផ្សេងៗពីអ្នកដែលចេះជាងយើង រួមមានលោកគ្រូ អ្នកគ្រូជាដើម។
លោកបណ្ឌិតបានបន្តណែនាំប្អូនៗ ត្រូវរៀបចំឱ្យមានកាលវិភាគច្បាស់លាស់ សម្រាប់ម៉ោងសិក្សា ក៏ដូចជាម៉ោងការងារ។ ការណ៍នេះនឹងនាំឱ្យប្អូនៗ ទទួលបានជោគជ័យក្នុងជីវិតសិក្សា ក៏ដូចជាអាជីពការងារជាក់ជាមិនខាន។
លោកបានធ្វើការកត់សម្គាល់បន្ថែមទៀតថា បច្ចុប្បន្ននេះក្មេងៗ និងយុវជន យុវនារី មានភាពឈ្លាសវៃ និងពូកែវ ជាពិសេសលើប្រព័ន្ធបច្ចេកវិទ្យា (IT)។ ក្នុងន័យនេះ លោកបន្តលើកទឹកចិត្ត និងស្នើសុំដល់ប្អូនៗត្រូវតែធ្វើការស្រាវជ្រាវចំណេះដឹងថ្មីៗបន្ថែម ដែលកំពុងវិវឌ្ឍន៍ក្នុងបរិការណ៍ថ្មី ដើម្បីយកចំណេះដឹងទាំងនោះ ទៅចែករំលែកបន្តដល់មិត្តភក្តិ សិស្សប្អូន និងសម្រាប់ជាឧត្តមប្រយោជន៍របស់ខ្លួន។
លោកបណ្ឌិតបានស្នើសុំប្អូនៗ បន្តការអានសៀវភៅ ធ្វើការស្រាវជ្រាវ ឱ្យបានច្រើន ពីព្រោះការអាន ធ្វើឱ្យយើងទទួលបានចំណេះដឹងថ្មីៗ និងដើរទាន់ការវិវឌ្ឍន៍របស់ពិភពលោក។ ម្យ៉ាងទៀតក្នុងនាមប្អូនៗជាយុវជន យុវនារី ជាធនធានមនុស្សល្អ និងជាសេចក្តីសង្ឃឹមរបស់អាណាព្យាលបាល។ ដូចនេះប្អូនៗត្រូវប្រែក្លាយខ្លួន ជាសិស្សពូកែ មានចំណេះដឹង ជំនាញច្បាស់លាស់ ក្លាយជាពលរដ្ឋល្អ សិស្សល្អ និងជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
បណ្ឌិតបានសំណូមពរដល់លោកគ្រូ អ្នកគ្រូជួយបណ្តុះបណ្តាលទាំងជំនាញទន់ និងជំនាញរឹង និងជួយបណ្តុះស្មារតីសិស្ស ឱ្យចេះស្រឡាញ់កីឡា ស្រឡាញ់ការងារសង្គមជាតិ បណ្តុះឥរិយាបទឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ល្អ។ ជាពិសេសជួយបណ្តុះឱ្យសិស្សមានភាពម្ចាស់ការ និងឯករាជ្យក្នុងសិក្សា ស្រាវជ្រាវ និងបណ្តុះការអានសៀវភៅឱ្យបានច្រើន។
ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែង របស់លោកគ្រូ អ្នកគ្រូ បណ្ឌិត កៅ ថាច បាននាំយកថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលបង្រៀនបំប៉ន សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុបនាពេលខាងមុខ៖
* ជូនលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន បានដាវ ចំនួន ៤ ៥០០ ០០០ រៀល, សិស្សានុសិស្សចំនួន៩១នាក់ ក្នុងម្នាក់ៗទទួលបាន១ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់ការរៀបចំកម្មវិធីចំនួន ១ ៥០០ ០០០ រៀល ផងដែរ។
* ជូនលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល ចំនួន ១០ ៥០០ ០០០ រៀល, សិស្សានុសិស្សចំនួន ៤០០ នាក់ ក្នុងម្នាក់ៗចំនួន១ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់ការរៀបចំកម្មវិធីចំនួន ២ ៦០០ ០០០ រៀល៕