(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានថ្លែងថា ទោះបីជាមានការផ្លាស់ប្តូរជាវិជ្ជមានខ្លះ ប៉ុន្តែការគោរពនិងទទួលស្គាល់សិទ្ធិមេធាវី នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ ក្នុងករណីនៃការស៉ើបអង្កេតបឋមនៃបទល្មើសមិនជាក់ស្តែង នៅតែជាបញ្ហាប្រឈមដដែល។
ក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈមេធាវី នៅព្រឹកថ្ងៃ២០ ខែតុលា ឆ្នាំ២០២២ លោក លី ច័ន្ទតុលា បានអះអាងថា នេះជាបញ្ហាប្រឈមមួយ ក្នុងចំណោមបញ្ហាប្រឈមជាច្រើន។ ទោះជាយ៉ាងនេះក្តី ប្រធានគណៈមេធាវី អះអាងថា បញ្ហាមន្ត្រីនគរបាលយុត្តិធម៌ នៅតែមិនគោរពការអនុវត្តសិទ្ធិរបស់មេធាវី ក្នុងករណីបទល្មើសមិនជាក់ស្តែងនេះ កន្លងមកមានការកែលម្អខ្លះហើយ ប៉ុន្តែនៅតែបន្តកើតមាន ខណៈបណ្តាមេធាវីតែងតែស្នើឡើងឲ្យជួយដោះស្រាយ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចមួយទៀត ដែលយើងដាក់ជាបញ្ហានៅឡើយដែរ គឺទាក់ទងនឹងការអនុវត្តសិទ្ធិរបស់មេធាវី និងមន្ត្រីនគរបាលយុត្តិធម៌ នៅក្នុងករណីនៃបទល្មើសមិនជាក់ស្តែង។ ក្នុងនេះ ខ្ញុំចង់បញ្ជាក់បន្តិចដែរថា បទល្មើសជាក់ស្តែង ក្រមនីតិវិធីព្រហ្មទណ្ឌមានចែងច្បាស់ហើយ អំពីការចូលរួមរបស់មេធាវី ក្នុងរយៈពេល២៤ម៉ោង ក្រោយពីការឃាត់ខ្លួន។ ប៉ុន្តែករណីនៃបទល្មើសមិនជាក់ស្តែង ឬក៏យើងហៅថា ការស៉ើបអង្កេតជាបឋមនេះ អ្វីដែលយើងជួបគឺថា ប៉ូលីសគាត់ទទួលបានពាក្យបណ្តឹងមួយផ្នែកព្រហ្មទណ្ឌ អញ្ចឹងគាត់កោះហៅជនសង្ស័យ ហើយជននោះរកមេធាវីឲ្យជួយអមទៅ»។
លោកបន្តថា «អញ្ចឹងទៅ កន្លែងខ្លះមេធាវីដាក់ពាក្យការពារ គាត់អត់ទទួល។ មិនវាយត្រាចូល មិនទទួល អត់ធ្វើអ្វីទាំងអស់។ ដល់ពេលមេធាវីនាំកូនក្តីទៅដល់ សុំចូលអមនៅក្នុងការសួរយកចម្លើយ ក៏គាត់អត់ឲ្យមេធាវីចូលដែរ។ អញ្ចឹងនេះជាចំណុច ដែលយើងព្យាយាមធ្វើការដោះស្រាយ»។
លោក លី ច័ន្ទតុលា ក៏បានបញ្ជាក់ទៀតថា ករណីមេធាវីគាត់ចូលទៅអមកូនក្តី ជាចំណុចមួយដែលមានចែងនៅក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី មាត្រា១ និងមាត្រា២ ពាក់ព័ន្ធនឹងសិទ្ធិក្នុងការជួយដល់អតិថិជន គ្រប់ដំណាក់កាលទាំងអស់នៃនីតិវិធី។ វត្តមានរបស់មេធាវី មិនមែនជាឧបសគ្គ ចំពោះការអនុវត្តការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ទេ ប៉ុន្តែវត្តមានរបស់មេធាវី គឺជួយពង្រឹងគុណភាព និងការទទួលស្គាល់កំណង់ហេតុ របស់មន្ត្រីនគរបាលយុត្តិធម៌ ចំពោះព្រះរាជអាជ្ញា ឬតុលាការទៅវិញ។
បញ្ហាប្រឈមរបស់គណៈមេធាវី ដែលលោក លី ច័ន្ទតុលា លើកឡើងទៀតនោះ គឺសមត្ថភាពរបស់មេធាវីក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារវិជ្ជាជីវៈនៅមានកម្រិត ស្របពេលនៃការធ្វើសាកលភាវូបនីយកម្ម និងសមាហរណកម្មក្នុងអាស៊ាន និងអន្តរជាតិ។ វត្តមានវិនិយោគិនបរទេស មានការកើនឡើង ធ្វើឲ្យតម្រូវការមេធាវីជំនាញកាន់តែច្រើនឡើង។ បញ្ហាភាសា និងភាពទាន់សម័យនៃបច្ចេកវិទ្យា គឺជាឧបសគ្គចម្បង។ មេធាវីមួយចំនួនមិនទាន់អាចប្រើប្រាស់ភាសាបរទេសបាន ហើយមិនអាចប្រើប្រាស់មធ្យោបាយទំនាក់ទំនងឆាប់រហ័ស ដូចជា អ៉ីម៉ែល ឬមធ្យោបាយទំនាក់ទំនងអេឡិចត្រូនិចផ្សេងទៀត ដែលធ្វើឲ្យខាតបង់ពេលវេលា និងមិនអាចឆ្លើយតបទាន់សភាពការណ៍។
លោកបន្ថែមថា បញ្ហាមួយទៀតនោះ គឺសិទ្ធិមួយចំនួនរបស់មេធាវីត្រូវបានបំពាន ហើយកិច្ចការមួយចំនួនរបស់មេធាវី ត្រូវបានធ្វើអន្តរការី នៅតាមស្ថាប័នមួយចំនួនដូចជា នៅតុលាការ និងក្រសួង មន្ទីរ និងស្ថាប័នជំនាញមួយចំនួន៕