(ភ្នំពេញ)៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា អាណត្តិទី១៤ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានលើកឡើងថា គណៈមេធាវី កំពុងពិចារណាបង្កើតគ្រឿងឥស្សរិយយស និងផ្តល់ដល់មេធាវីទាំងឡាយណា ដែលមានស្នាដៃលេចធ្លោ នៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធម៌សង្គម ខណៈមានមេធាវីស្ម័គ្រចិត្តចំនួន២១៨រូប កំពុងការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្នាក់ការគណៈមេធាវី ក្រោយពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ លោក លី ច័ន្ទតុលា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កន្លងមក ខ្ញុំបានដឹកនាំព្រាងនូវសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគ្រឿងកិត្តិយស សម្រាប់មេធាវី ចំនួន ៥ប្រភេទ»

បើតាមលោក លី ច័ន្ទតុលា គ្រឿងឥស្សរិយយសទាំងនោះមានចំនួន ៥គឺ៖ ឧត្តមភាព, គុណវឌ្ឍិ, ភក្តីភាព, សង្គហធម៌ និងអនុស្សាវរីយ។ ពេលនិយាយពីការផ្តល់គ្រឿងឥស្សរិយយស ដល់មេធាវីដែលលេចធ្លោ លោកបានលើកឡើងពីយន្តការជំនួយផ្នែកច្បាប់ជូនជនក្រីក្រថែមទៀត។

លោកប្រធានគណមេធាវីៈ ក៏បានយកទិសដៅក្នុងចំណុចទី៩ របស់លោក មកបញ្ជាក់បន្ថែមថា លោកនឹងបន្តពិនិត្យ សម្រេច និងរៀបចំយន្តការ ដើម្បីអនុវត្តសេចក្តីសម្រេចស្តីពីគ្រឿងកិត្តិយសគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ផ្តល់ជូនមេធាវីដែលមានស្នាដៃលេចធ្លោ នៅក្នុងការជួយដល់គណៈមេធាវី វិជ្ជាជីវៈមេធាវី និងកិច្ចការយុត្តិធម៌សង្គម។

យោងតាមរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ រយៈពេល១ឆ្នាំ របស់គណៈមេធាវី អាណត្តិទី១៣ បានឲ្យដឹងថា ឆ្លើយតបនឹងការអំពាវនាវរបស់ លោក លី ច័ន្ទតុលា ឲ្យចូលរួមការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ មានមេធាវីស្ម័គ្រចិត្តចូលរួម ២១៨រូប។ ជាលទ្ធផល គិតមកដល់ខែកញ្ញា ឆ្នាំ២០២២ គណៈមេធាវីបានចាត់តាំងមេធាវី ឲ្យជួយការពារក្តីជូនជនក្រីក្រ ដោយឥតគិតកម្រៃ បានចំនួន ៨៨ករណី មានកូនក្តីចំនួន ១១២នាក់ (ស្រ្តី ២៧នាក់ និងអនីតិជន ១៥នាក់)។

ចំពោះរាល់ការចំណាយទាំងឡាយ នៅក្នុងការអនុវត្តគម្រោងនេះ គឺជាបន្ទុករបស់មេធាវីស្ម័គ្រចិត្តទាំងស្រុង ពុំមានប៉ះពាល់ដល់ថវិកា ដែលឧបត្ថម្ភដោយរាជរដ្ឋាភិបាល ឬថវិការបស់គណៈមេធាវីទេ។

របាយការណ៍ដដែលក៏បានឲ្យដឹងទៀតថា បច្ចុប្បន្នមានមេធាវីស្ម័គ្រចិត្ត ចូលរួមអនុវត្តគម្រោងប្រឹក្សាយោបល់ជូនដល់ប្រជាពលរដ្ឋដោយឥតគិតកម្រៃ ចំនួន ៣១០រូប។ ទីតាំងនៃការផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់តាមគោលនយោបាយនេះ អាចធ្វើឡើងតាមរយៈការមកទទួលសេវានៅនាយកដ្ឋានការពារក្តីជូនជនក្រីក្រ នៃគណៈមេធាវី ការិយាល័យគណៈប្រតិភូមេធាវីរាជធានីខេត្ត សាលាឧទ្ធរណ៍ភ្នំពេញ សាលាឧទ្ធរណ៍តំបន់ និងតុលាការកំពូល និងការិយាល័យវិជ្ជាជីវៈមេធាវីស្ម័គ្រចិត្ត ឬតាមរយៈប្រព័ន្ធទូរសព្ទ Hotline: 1281។

ទន្ទឹមនេះ គណៈមេធាវីក៏បានប្រកាសផ្សព្វផ្សាយបញ្ជីឈ្មោះមេធាវី ទីតាំងមេធាវីស្ម័គ្រចិត្ត និងលេខទូរស័ព្ទដល់សាធារណជនផងដែរ។ ជាលទ្ធផល គិតដល់ខែកញ្ញា ឆ្នាំ២០២២ បានផ្តល់ប្រឹក្សាយោបល់ផ្នែកច្បាប់ ជូនប្រជាពលរដ្ឋបានចំនួន ៤៨៣ករណី។

សូមជម្រាបថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះនឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ។

ថ្លែងនៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញបិទមហាសន្និបាតលើកទី២៧ នៃគណៈមេធាវីកម្ពុជា លោក កើត រិទ្ធ បានលើកឡើងថា មេធាវីគ្រប់រូបសូមបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការចូលរួមអនុវត្តនូវកាតព្វកិច្ចតាមផ្លូវច្បាប់ផង និងជាការចូលរួមចំណែកជួយដល់ការងារសង្គម ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលផង ក្នុងការការពារ និងលើកកម្ពស់សិទ្ធិទទួលបានយុត្តិធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលខ្វះលទ្ធភាព។

លោកបន្តយ៉ាងដូច្នេះថា «ជាក់ស្ដែង មេធាវីដែលបានទទួលការពារក្តីជូនជនក្រីក្របានកាន់តែច្រើន និងប្រកបដោយការទទួលខុសត្រូវខ្ពស់ មេធាវីរូបនោះនឹងទទួលបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីគោរពនៅក្នុងសង្គមជាតិផងដែរ ទាំងពីសំណាក់ប្រជាពលរដ្ឋក្រីក្រ ទាំងពីប្រជាជនទូទៅ ហើយដែលនេះគឺជាកក្តាដ៏សំខាន់ក្នុងការពង្រឹងឧត្តមភាព និងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី»