(ភ្នំពេញ)៖ នាយកអង្គការហេឡែន ខេលល័រ លោក ហ៊ូ ក្រើន បានលើកឡើងថា ការបំបៅកូនដោយទឹកដោះម្តាយ ក៏ផ្តល់ផលប្រយោជន៍ដល់សុខភាពសម្រាប់ម្តាយ បរិស្ថាន និងសេដ្ឋកិច្ចផងដែរ។
ការលើឡើងបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយគម្រោង និងពិភាក្សាលើផែនការសកម្មភាពរបស់គម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នៅភោជនីយដ្ឋានទន្លេបាសាក់២។
លោក ហ៊ូ ក្រើន បានបញ្ជាក់ថា ការបំបៅកូនដោយទឹកដោះម្តាយ ក៏ផ្តល់ផលប្រយោជន៍ដល់សុខភាពដូចជា៖
*១៖ ម្ដាយដែលបំបៅកូនដោយទឹកដោះម្តាយ ឆាប់មានភាពរឹងមាំពីការសម្រាលកូន
*២៖ កាត់បន្ថយហានីភ័យនៃជំងឺមហារីកដោះ និងមហារីស្បូននៅពេលអនាគត
*៣៖ អាចកាត់បន្ថយហានីភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ និងជំងឺបេះដូង រួមទាំងលើសសម្ពាធឈាម និងឡើងជាតិខ្លាញ់ផងដែរ
*៤៖ ពន្យារពេលការមានរដូវជាថ្មីរបស់ម្តាយ ដែលអាចជួយពន្យារពេលការមានផ្ទៃពោះជាថ្មី
*៥៖ ការបំបៅកូនដោយទឹកដោះម្តាយចំណាយប្រាក់តិចជាង ផលិតផលជំនួសទឹកដោះម្តាយ (ទឹក ដោះគោម្សៅ) ហើយសន្សំសំចៃពេលវេលាទៀតផង
*៦៖ ការបំបៅកូនដោយទឹកដោះម្តាយ ល្អសម្រាប់បរិស្ថាន ដោយសារមិនមានប្រើដបប្លាស្ទិក ឬកំប៉ុង។
ជាមួយគ្នានេះដែរ អង្គការហេឡែន ខេលល័រ អន្តរជាតិ ប្រចាំប្រទេសកម្ពុជាសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូឯកជន កំពុងរៀបចំដំណើរការសាកល្បងគម្រោងលើកកម្ពស់អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ នៅកន្លែងធ្វើការដើម្បីរួមចំណែករលឹកកម្ពស់សុខភាព ផរីតភាពការងារ និងសេដ្ឋកិច្ចកម្ពុជា។
ជាងនេះទៅទៀត គម្រោងនេះ នឹងផ្ដោតលើការអប់រំដល់បុគ្គលិក កម្មករ កម្មការិនីអំពីសារៈសំខាន់អាហារូបត្ថម្ភ អត្ថប្រយោជន៍ការបរិភោគអាហារចម្រុះដែលមានសារជាតិចិញ្ចឹមខ្ពស់ដើម្បីសុខភាព និងថាមពលមាំមួន ការថែទាំសុខភាពពេលលំហែមាតុភាព ក្រោយសម្រាលកូន ការអប់រំស្តីពីការចិញ្ចឹមទារក និងកុមារតូច អំឡុងពេលធ្វើការងារ ដើម្បីឱ្យកូនៗរបស់ពួកគេមានសុខភាពល្អ និងក្លាយជាពលរដ្ឋមានសក្តានុពលប្រកបដោយផលិតភាពខ្ពស់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិនាពេលអនាគត។
សូមបញ្ជាក់ថា គម្រោងនេះ នឹងបង្កើតឱ្យមានបន្ទប់បំបៅដោះកូនក្នុងតម្លៃសមស្របមានកំរិតស្តង់ដារ ដែលអាចទទួលយកបាន និងបង្ករលក្ខណៈងាយស្រួលដល់ស្ត្រីគ្រប់រូបក្នុងការបំបៅដោះកូន ការបូមទឹកដោះដោយមានឧបករណ៍គ្រប់គ្រាន់ ដូចជា៖ ទូទឹកកក តុ កៅអី កង្ហារ ម៉ាស៊ីនបូមទឹកដោះ កន្សែងជូតដៃ និងសន្លឹកបត់អប់រំសុខភាព ដើម្បីផ្លាស់ប្តូរឥរិយាបទជាដើម។ សម្ភារៈនឹងឧបករណ៍ទាំងអស់នេះ នឹងត្រូវផ្ដល់ជូនទៅបន្ទប់រំបៅដោះកូនដែលមានស្រាប់តាមកន្លែងធ្វើការផ្សេងៗគ្នាចំនួន២៨ កន្លែងដែលជាគោលដៅរបស់គម្រោងស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត និងកំពង់ធំ៕