(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានប្រកាសដាក់ដំណើរការអនុវត្ដ គម្រោងលើកកម្ពស់គុណភាព និងសមធម៌ដំណាក់កាលទី២ ដែលប្រព្រឹត្ដទៅនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។

ពិធីការប្រកាសជាផ្លូវការនេះ ក៏មានការចូលរួមពីលោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP), លោក Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលី ប្រចាំកម្ពុជា,​ លោក Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា, លោក Udo Weber ទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ ទទួលបន្ទុកតំបន់អាស៊ី-អាគ្នេយ៍ នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់), លោក Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងក្រសួងផែនការ រួមទាំងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង​ ​បានថ្លែងថា ការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ ដែលជាគម្រោងសុខភាពមានវិសាលភាព គ្របដណ្តប់ធំបំផុតដែលមិនធ្លាប់មាន។ ក្នុងនាមក្រសួងសុខាភិបាល «ខ្ញុំពិតជាមានមោទនភាព ដែលបានឃើញគម្រោងនេះលេចជារូបរាងឡើង ដើម្បីគាំទ្រដល់ការអនុវត្តផែនការ យុទ្ធសាស្ត្រសុខាភិបាល ឈានទៅសម្រេចការគ្របដណ្ដប់សុខភាព ជាសកលនៅឆ្នាំ២០៣០»

ដំណាក់កាលដំបូងនៃគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ត្រូវបានអនុវត្តចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦ ដល់ខែឧសភា ឆ្នាំ២០២៣ ដោយផ្តោតលើការផ្តល់ហិរញ្ញប្បទាន ប្រកបដោយនិរន្តរភាព និងការអនុវត្តគំនិតផ្ដួចផ្ដើមប្រព័ន្ធសុខាភិបាលសំខាន់ៗ ដើម្បីធ្វើឱ្យប្រសើរឡើងលទ្ធភាពទទួល បានសេវាសុខាភិបាល ប្រកបដោយគុណភាពសម្រាប់ប្រជាជនគោលដៅ។ គម្រោងនេះបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងសុខភាព របស់ប្រជាជនកម្ពុជា ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ។

លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា ការអនុវត្តគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល និងគម្រោងមូលនិធិសមធម៌សុខភាព ត្រូវបានដាក់ឱ្យដំណើរការ នៅគ្រប់មូលដ្ឋានសុខាភិបាលរដ្ឋទូទាំងប្រទេស ចាប់ពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យជាតិ ហើយការប្រើប្រាស់សេវាសុខភាព ដែលគាំទ្រដោយគម្រោងមូលនិធិសមធម៌សុខភាព បានកើនឡើងដល់ជិត ៣.៤លានករណី ក្នុងឆ្នាំ២០២០ ធៀបនឹង២.៤លានករណី ក្នុងឆ្នាំ២០១៦។ គុណភាពនៃការផ្តល់សេវាសុខភាពត្រូវបានធ្វើឱ្យប្រសើរឡើងគួរឲ្យកត់សម្គាល់ ជាក់ស្តែងនៅឆ្នាំ២០១៦ មានមណ្ឌលសុខភាពត្រឹមតែ ៤៩(៤%) សម្រេចបាន ៦០% នៃស្តង់ដារគុណភាពជាតិ ប៉ុន្តែចំនួននោះបានកើនឡើងដល់ ១១៨១ (៩៥%) ក្នុងឆ្នាំ២០២១។

រដ្ឋមន្ដ្រីក្រសួងសុខាភិបាលបានបន្ដថា ការកែលម្អគួរឱ្យកត់សម្គាល់ រួមមាន ការគ្រប់គ្រងបរិក្ខារ ចំណេះដឹងនិងសមត្ថភាពបុគ្គលិក ការការពារនិងការគ្រប់គ្រងការឆ្លងរោគ ការគ្រប់គ្រង កាកសំណល់ អនាម័យ និងការគាំទ្រពង្រីកបណ្តាញមណ្ឌលសុខភាពដោយបានសាងសង់មណ្ឌលសុខភាព បន្ថែមចំនួន ៤៥ ការសាងសង់អគារសម្ភពនិងរោគស្ត្រីនៅក្នុងមន្ទីរពេទ្យបង្អែកចំនួន ១៥ និងសាងសង់ អគារមន្ទីរពេទ្យខេត្តចំនួន ២បន្ថែម។

រដ្ឋមន្ដ្រីសុខាភិបាល​បានលើកឡើងបន្ថែមថា «យើងពិតមានមោទនភាព ដែលកម្ពុជាជាប្រទេសគំរូសម្រាប់ប្រទេសមានធនធានតិច និងប្រទេសដែលទើបឆ្លងផុតពីសង្គ្រាម អាចសម្រេចគោលដៅសុខភាពបានយ៉ាងឆាប់រហ័ស និងកំពុងនៅលើផ្លូវឈានទៅសម្រេចបានការគ្របដណ្តប់សុខាភិបាលជាសកល ក្រោមគំនិតផ្តួចផ្តើមដ៏ភ្លឺស្វាង ប្រកបដោយ គតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្កើតឡើងមូលនិធិជាតិគាំពារសុខភាពសង្គម ដែលគ្របដណ្ដប់ប្រជាជនក្រុមគោលដៅផ្សេងៗ រួមមាន កម្មករក្នុងប្រព័ន្ធ កម្មករក្រៅប្រព័ន្ធ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្នាក់ដឹកនាំភូមិ ក្រុមកីឡាករ ក្រុមអ្នកដោះមីន ស្រ្តីមានផ្ទៃពោះ មនុស្សចាស់ជរា ជនពិការ កម្មករត្រីចក្រយាន»

លោកបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់ជាសាច់ ប្រាក់ដោយផ្ទាល់ដល់ស្រ្តីមានផ្ទៃពោះ ពេលសម្រាលកូន ជាកម្មការីនី និងមន្ត្រីរាជការ គ្រួសារក្រីក្រ ជាការលើកទឹកចិត្ត សម្រាប់បង្កើនកម្រិតអាហារូបត្ថម្ភទាំងម្តាយ ទាំងទារកទើបនឹងកើតរហូតដល់អាយុ២ឆ្នាំ ដែលបានទទួលការគាំទ្រនិងសេចក្ដីថ្លែងអំណរគុណយ៉ាងខ្លាំងពីប្រជាជនកម្ពុជា។

ក្នុងអំឡុងពេលដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ-១៩ គម្រោងលើកកម្ពស់គុណភាពនិងសមធម៌ សុខាភិបាល ផ្នែកឆ្លើយតបគ្រាអាសន្នត្រូវបានបង្កើតឡើង ដោយផ្តល់បន្ថែមហិរញ្ញប្បទានចំនួន ១៤លានដុល្លារ សម្រាប់គាំទ្រក្រសួងសុខាភិបាលក្នុងការអនុវត្តផែនការមេឆ្លើយតបជំងឺកូវីដ-១៩ របស់កម្ពុជា រួមមានការពង្រឹងសមត្ថភាពធ្វើតេស្ដកូវីដ-១៩ បានបង្កើតមន្ទីរពិសោធន៍ថ្នាក់តំបន់ថ្មីចំនួនពីរកន្លែងសម្រាប់ធ្វើតេស្តកូវីដ-១៩ ទិញសម្ភារៈបរិក្ខារពេទ្យបំពាក់ឱ្យមណ្ឌលព្យាបាលបន្ទាន់ជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យជាតិ និងខេត្ត ព្រមទាំងបានទិញរថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០គ្រឿង។

គម្រោងលើកកម្ពស់គុណភាពនិងសមធម៌សុខាភិបាល ដំណាក់កាលទី២ គួរទាញយកមេរៀន បទពិសោធន៍ជោគជ័យ ក្នុងដំណាក់កាលទី១ ដោយបន្ថែមអន្តរាគមន៍នវានុវត្តន៍ ដើម្បីជៀសវាងនូវបញ្ហា ប្រឈមនានាដែលជួបប្រទះក្នុងការអនុវត្តដំណាក់កាលទី១ និងតម្រឹមជាមួយអាទិភាពរបស់រាជរដ្ឋាភិបាល ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល តាមរយៈផែនការសកម្មភាព៥ឆ្នាំរបស់ខ្លួន (២០២២- ២០២៧)។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា ដើម្បីសម្រេចបាន «ចក្ខុវិស័យឆ្នាំ២០៣០» របស់កម្ពុជា ក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ការធានាសុខភាព និងសុខុមាលភាព ព្រមទាំងសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល ទាមទារធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាលរបស់យើង ឱ្យកាន់តែមានលក្ខណៈសមស្របតាមតម្រូវការរបស់ប្រជាជនកម្ពុជានាពេលអនាគត តាមរយៈនវានុវត្តន៍ប្រព័ន្ធសុខាភិបាល។ ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រសួងសុខាភិបាលបាននិងកំពុងបញ្ចប់ផែនការយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៤ (២០២២-២០៣០) យុទ្ធសាស្ត្រឌីជីថលសុខាភិបាល និងក្របខណ្ឌជំរុញការអនុវត្តកម្មវិធីថែទាំសុខភាពបឋម ដែលចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាននិងភាគីពាក់ព័ន្ធទាំងអស់។

តាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្ដិ បានឱ្យដឹងថា គម្រោង H-EQIP 2 បានទទួលថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា និងថវិកាហិរញ្ញប្បទានដៃគូ រួមមាន Australia’s Department of Foreign Affairs and Trade (DFAT); Kreditanstalt fur Wiederaufbau (KfW), Korean International Cooperation Agency (KOICA) និង Global Financing Facility (GFF) ដែលមានថវិកាសរុបចំនួន ២៩៩លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង រយៈពេល៥ឆ្នាំ និង៦ខែ ដែលចាប់ផ្តើមពីខែកក្កដា ឆ្នាំ២០២២ រហូតដល់ខែធ្នូ ឆ្នាំ២០២៧ និងមានគោលបំណងលើកកម្ពស់ សមភាពការប្រើប្រាស់សេវាថែទាំសុខភាពប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេសសម្រាប់អ្នកក្រីក្រ និងជនងាយរងគ្រោះ ព្រមទាំងផ្តល់នូវការឆ្លើយតបបន្ទាន់ទៅនឹងគ្រោះអាសន្នបានទាន់ពេលវេលា និងមាន ប្រសិទ្ធភាព។

គម្រោងបានរៀបចំសមាសភាគសំខាន់ៗ ចំនួន ៤ សម្រាប់អនុវត្ត ដូចខាងក្រោម៖

* សមាសភាគទី១៖ លើកកម្ពស់ការប្រើប្រាស់មូលនិធិសមធម៌និងការគាំពារហិរញ្ញវត្ថុ សមាស ភាគនេះ នឹងគាំទ្រដល់ចក្ខុវិស័យរបស់រដ្ឋាភិបាល ក្នុងការឈានឆ្ពោះទៅសម្រេចបានការគ្រប ដណ្តប់សុខភាពជាសកល (UHC) នៅកម្ពុជា នាឆ្នាំ២០៣០

* សមាសភាគទី២៖ ពង្រឹងគុណភាពនិងសមត្ថភាពផ្តល់សេវាសុខាភិបាល ដែលនឹងអនុវត្តនូវ ឧបករណ៍តាមដានកែលម្អគុណភាពសេវាសុខាភិបាលថ្នាក់ជាតិ ព្រមទាំងពង្រីកការផ្តល់សេវា ជំងឺមិនឆ្លងនិងការចូលរួមរបស់សហគមន៌

* សមាសភាគទី៣៖ ការត្រួតពិនិត្យ តាមដាននិងគ្រប់គ្រង សមភាពយេនឌ័រនិងសង្គម
* សមាសភាគទី៤៖ ការឆ្លើយតបបន្ទាប់នឹងគ្រោះអាសន្ន ដែលនឹងផ្តល់ការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនៅពេលមានគ្រោះអាសន្ន ដែលបានអនុវត្តជាក់ស្តែង និងជោគជ័យនៅក្នុងគម្រោង H-EQIP កន្លងមកនេះ៕