(ភ្នំពេញ)៖ លោក លី លឹមម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ បានបើសវនាការលើអង្គសេចក្តីក្នុងសំណុំរឿង ឃាតកម្មគិតទុកជាមុន ដែលបង្កដោយចាងហ្វាងកាសែតសុវណ្ណនគរ ពាក់ព័ន្ធករណី សម្លាប់មនុស្សប្លន់យករថយន្ត កាលពីពាក់កណ្តាលឆ្នាំ២០១៥។
ក្រោយពីសាកសួរដេញដោលលើសំណុំរឿងនេះ ជាមួយជនជាប់ចោទដែលប្រព្រឹត្តល្មើស នៅចំណុចដីវាលគំនរសម្រាម ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ រួចមក ក៏បានលើកពេល ប្រកាសសាលក្រម ទៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខវិញ។
លោក លី លឹមម៉េង បានឱ្យដឹងថា ជនជាប់ចោទមានឈ្មោះ សោម គឹមស៊ាន ភេទប្រុសអាយុ៣៧ឆ្នាំ មុខរបរចាងហ្វាងកាសែតសុវណ្ណនគរ បានឆ្លើយបដិសេធផ្ទុយពីចំម្លើយ ដែលឆ្លើយនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទាំងអស់ ដោយបានឆ្លើយថា ខ្លួនមិនបានសម្លាប់ជនរងគ្រោះ ឈ្មោះ ស្រ៊ុន សុភក្រ្ត័ នោះទេ គឺខ្លួនបានស្គាល់ ឈ្មោះ ម៉ាប់ និងឈ្មោះ បូរ ហើយឈ្មោះ ម៉ាប់ បានតេមកសួរខ្លួនថា ចង់បញ្ចាំរថយន្ត តែពេលយកទៅដល់កន្លែងបញ្ចាំ ណាហ្គាវើល គេមិនទទួលទេ ព្រោះរថយន្តមិនមានឯកសារ ក្រោយមក ក៏បានយកទៅបញ្ចាំ នៅជ្រៃធំ បានប្រាក់៥០០០ដុល្លា។
ប៉ុន្តែ កាលពីថ្ងៃទី២៦ ខែឧសភា លោក សោម គឹមស៊ាន ដែលជាជនជាប់ចោទ បានប្រាប់នគរបាលយុត្តិធម៌ថា លោកបានរៀបចំផែនការសម្លាប់ជនរងគ្រោះឈ្មោះ ស្រ៊ុន សុភក្រ័ ហៅលាង ជាបុគ្គលិកក្រុមហ៊ុនកាក់វៃហួរ និងជាអ្នករត់ឯកសារឲ្យរោងចក្រកាត់ដេរ ដោយលោក និងជនរងគ្រោះធ្លាប់ស្គាល់គ្នា ហើយឈ្មោះ ម៉ាប់ ជាមិត្តភក្តិជិតដិតបំផុត ជាមួយជនរងគ្រោះ ទើបនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ ឈ្មោះម៉ាប់ បានលួងលោមជនរងគ្រោះ ទៅផឹកស៊ីចូលច្រៀងខារ៉ាអូខេចេ (J) នៅម្តុំបឹងត្របែក។
ជនជាប់ចោទ សោម គឹមស៊ាន បានបន្តថា កាលពេលជនរងគ្រោះ ចូលបន្ទប់ទឹក ឈ្មោះម៉ាប់ បានដាក់ថ្នាំងង៉ុយដេក ចូលក្នុងកែវស្រារបស់ជនរងគ្រោះ ហើយបន្តផឹករហូតដល់ជនរងគ្រោះស្រវឹងទន់ខ្លួនខ្លាំង ទើបអ្នកទាំង៤នាក់ ឈប់ផឹក ក្រោយមកពួកគេបាននាំគ្នា ឡើងរថយន្តរបស់ជនរងគ្រោះ បើកចេញទៅ រហូតដល់កន្លែងស្ងាត់ ទើបជនជាប់ចោទ និងបក្សពួក នាំគ្នាធ្វើសកម្មភាព ដោយបានយកខ្សែលីឡុងខ្មៅ រឹតកជនរងគ្រោះ ហើយឈ្មោះ បូរ ជាអ្នកចាំជួយ។ ក្រោយពេលសម្លាប់ជនរងគ្រោះហើយ ពួកគេបានយកសពច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោលនៅចំណុចខាងលើ។
បន្ទាប់មកពួកគេបានយករថយន្តជនរងគ្រោះ ទៅបញ្ចាំ នៅកុងស៊ី NAGA តែគេមិនទទួល ព្រោះរថយន្តគ្មានឯកសារ បន្ទាប់មក នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ ជនជាប់ចោទ សោម គឹមស៊ាន និងឈ្មោះ បូរ បានយករថយន្តនោះ ទៅបញ្ចាំ នៅកាស៊ីណូ Crown ស្ថិតនៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល តែកុងស៊ីនៅទីនោះ គេមិនទទួលទៀត ហើយចុងក្រោយ ក៏យកទៅបញ្ចាំនៅកន្លែងផ្ទេរប្រាក់វីង ក្បែរកាស៊ីណូ Crown បាន៥,០០០ដុល្លារ ហើយចែកគ្នា ដោយខ្លួនបានលុយ ចំនួន១,១៥០ដុល្លារ ចំណែកឈ្មោះ បូរ បានលុយ ចំនួន១,១០០ដុល្លារ និងឈ្មោះ ម៉ាប់ ទារចំណែកច្រើនជាងគេ ចំនួន២,៧៥០ដុល្លារ ព្រោះវាជាអ្នកខំអន្ទងជនរងគ្រោះ មកច្រៀងខារ៉ាអូខេ។
សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅ គេបានប្រទះឃើញសាកសពជនរងគ្រោះ ត្រូវបានគេសម្លាប់ ដោយច្រកក្នុងការ៉ុង រួចយកទៅទម្លាក់ចោល នៅវាលគំនរសម្រាម មាត់ប្រឡាយទឹក ស្ថិតក្នុងភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ យ៉ាងអាថ៌កំបាំង។
លុះមកដល់ថ្ងៃទី២៦ ខែឧសភា កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សោម គឹមស៊ាន ចំណែកជនសង្ស័យ២នាក់ទៀត បានរត់គេចខ្លួនបាត់ ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវ តាមចាប់ខ្លួនជនដៃដល់ទាំងនោះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
ចំពោះរថយន្តជនរងគ្រោះ ដែលជនជាប់ចោទយកបញ្ចាំ នៅកន្លែងផ្ទេរប្រាក់វីង ក្បែរកាស៊ីណូ Crown ស្ថិតនៅឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាលនោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឲ្យគ្រួសារសពជនរងគ្រោះវិញ៕