(កណ្តាល)៖ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយលោកគ្រូ ពៅ វិបុល តំណាងគណៈគ្រប់គ្រងសាលា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បាននាំយកថវិកាមួយចំនួនឧបត្ថម្ភជូនដល់ក្រុមគ្រួសារសពសិស្សានុសិស្ស ដែលបានជួបគ្រោះឧបទ្ទវហេតុលិចទូកដរកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
ក្នុងឱកាសនោះ កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាល ក៏បានសម្តែងការចូលរួមរំលែកទុក្ខយ៉ាងក្រំបំផុតជាមួយក្រុមគ្រួសារ ដែលបានបាត់បង់កូនៗ និងចៅៗជាទីស្រឡាញ់។
សូមជម្រាបថា សោកនាដកម្មលិចទូកចម្លងមួយគ្រឿងលើដៃទន្លេមេគង្គពីភូមិអំពិលទឹកទៅកាន់ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានផ្ដាច់ជីវិតកូនសិស្ស មានអាយុចន្លោះពី១២-១៥ឆ្នាំ ចំនួន១១នាក់ ក្នុងចំណោមជនរងគ្រោះ១៩នាក់ (សិស្សសាលា១៥នាក់, អ្នកបើកទូកម្នាក់, កម្មករទូកម្នាក់ និងប្រជាពលរដ្ឋ២នាក់) បានក្លាយជាព្រឹត្តិការណ៍សង្គមដ៏តក់ស្លុតមួយ និងគួរឱ្យសង្វេគយ៉ាងពន់ពេកពីសំណាក់ប្រជាពលរដ្ឋទូទៅប្រទេស ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសការទួញយំសោកពីសំណាក់ឪពុកម្ដាយ អាណាព្យាបាល និងសាច់ញាតិរបស់ក្មេងរងគ្រោះ នៅលើកោះដ៏តូចមួយក្បែរស្ពានអ្នកលឿង គឺភូមិកោះចំរើន៕