(ត្បូងឃ្មុំ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានបន្តចុះសួរសុខទុក្ខនាំយកស្រូវពូជ ចំនួន៣០,២៥០គីឡូក្រាម ជាជំនួយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកផ្ដល់ជូនប្រជាកសិករអាទិភាព មានដីស្រែអាចស្ដារឡើងវិញបានចំនួន៣៩៦គ្រួសារ ក្នុងឃុំទន្លេបិទ ឃុំជីរោទ៍ទី ១ និងឃុំជីរោទ៍ទី ២ ក្នុងស្រុកត្បូងឃ្មុំ ។

ពិធីជួបសំណេះសំណាល និងប្រគល់ពូជស្រូវនេះ ធ្វើឡើងនៅបរិវេណវត្តទន្លេបិទ ស្ថិតនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រសួង គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ អភិបាលរងខេត្ត ស្នងការរងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធាន- អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ប្រជាកសិករ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ថ្លែងនាឱកាសនោះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ និងដោះស្រាយឲ្យបានទាន់ពេលវេលា ដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាក់ស្ដែងការផ្ដល់ពូជស្រូវជូនបងប្អូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ដំណាំស្រូវ របស់បងប្អូន ចំពោះគ្រួសារដែលត្រូវបានជ្រើសរើសដោយឆ្លងកាត់តាមការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារ ដែលមានដីស្រែអាទិភាព អាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញពីការយល់ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។

លោក ឌិត ទីណា បានណែនាំដល់ប្រធានមន្ទីរកសិកម្មខេត្ត ក៏ដូចជាមន្ត្រីជំនាញរបស់មន្ទីរ ត្រូវផ្តល់ការប្រឹក្សាយោបល់ដល់ប្រជាកសិករ ដើម្បីណែនាំបច្ចេកទេស ផលិតកម្ម ស្ដារដំណាំស្រូវឡើងវិញ ជៀសវាងការខូចខាតជាថ្មីទៀត។

ក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ ក៏ដូចជាអាជ្ញាធរមូលដ្ឋានសមត្ថកិច្ចពាក់ព័ន្ធ បានចូលរួមជួយសង្គ្រោះ ដោយបានជម្លៀសបងប្អូនប្រជាពលរដ្ឋឲ្យមានសុខសុវត្ថិភាព ថែមទាំងបានផ្ដល់នូវស្បៀងអាហារគ្រប់គ្រាន់ និងបានដោះស្រាយនៅបញ្ហាប្រឈមពីគ្រោះទឹកជំនន់ថែមទៀត។

លោកបណ្ឌិតអភិបាលខេត្ត បានបន្តថា ការបន្តផ្ដល់ជូនពូជស្រូវនេះ ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះ បន្ទាប់គ្រោះទឹកជំនន់នេះផងដែរ៕