(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ សហគ្រិនភាព កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាវាគ្មិនកិត្តិយស នៅក្នុងកម្មវិធីពិភាក្សា អាហារថ្ងៃត្រង់ជាមួយ សភាពាណិជ្ជកម្មអ៊ឺរ៉ុប នៅកម្ពុជា (EuroCham) ដើម្បីពិភាក្សាលើកកម្ពស់ សហគ្រាសធនតូច និងមធ្យម (SMEs) និងធុរកិច្ចថ្មី (Start-Ups) នៅកម្ពុជា ក៏ដូចជាក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ និងការជំរុញការវិនិយោគ របស់សហភាពអ៊ឺរ៉ុប មកកាន់កម្ពុជាផងដែរ។

កម្មវិធីនេះ មានការចូលរួមពីសំណាក់លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការ នៃសហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា និងលោក Tassilo Brinzer ប្រធានសភា ពាណិជ្ជកម្មអ៊ឺរ៉ុប នៅកម្ពុជានៅកម្ពុជា ព្រមទាំងសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជាជាច្រើននាក់ ។

លោក វង្សី វិស្សុត បានថ្លែងថា រាជរដ្ឋាភិបាល បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងជាដៃគូមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ក៏ប៉ុន្តែដើម្បីឲ្យវិស័យឯកជន កាន់តែរីកធំធាត់ និងខ្លាំងឡើង ចាំបាច់ត្រូវតែមានការអភិវឌ្ឍ សហគ្រិនភាព ហើយដើម្បីលើកកម្ពស់សហគ្រិនភាព គឺចាំបាច់ ត្រូវមានការគាំទ្រ នៅដំណាក់កាលចាប់ផ្តើមដំបូង ឬពេលបង្កើតធុរកិច្ច ។ ស្ថិតក្នុងទិសដៅនេះហើយ ទើបរាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានផ្តួចផ្តើមបង្កើតមូលនិធិ សហគ្រិនភាព សហគ្រិនខ្មែរ និងមជ្ឈមណ្ឌល តេជោធុរកិច្ចថ្មី ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ី និង ធនគារសហគ្រាសធុនតូច និងមធ្យម សម្រាប់លើកកម្ពស់ សហគ្រិនភាព។ គិតមកទល់ពេលនេះ សហគ្រិនខ្មែរ បានផ្តល់ការគាំទ្រ ដល់ធុរកិច្ចថ្មី ប្រមាណជិត ៤០០ និងបានបណ្តុះវប្បធម៌ សហគ្រិនភាពដល់យុវជន នៅតាមបណ្តាខេត្តគោល ដៅទូទាំងប្រទេស តាមរយៈការកសាង សមត្ថភាព ការកសាងបណ្តាញអាជីវកម្ម និងទីផ្សារ និងរៀបចំកម្មវិធីប្រកួត ប្រជែងអាជីវកម្ម ព្រមទាំងការផ្តល់ទុន ចាប់ការចាប់ផ្តើមអាជីវកម្មផងដែរ។

លោក វង្សី វិស្សុត បន្តថា បច្ចុប្បន្នសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតនៅលើគន្លង នៃការងើបឡើងវិញ បន្ទាប់ពីបានបើកដំណើរការ ប្រទេសឡើងវិញ លើគ្រប់វិស័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយសារសម្រេច បាននូវភាពសុំាក្នុង សហគមន៍ យ៉ាងឆាប់រហ័ស តាមរយៈការ ដាក់ចេញនូវយុទ្ធសាស្រ្តវ៉ាក់សាំងដ៏ត្រឹមត្រូវ និងទាន់ពេល ក៏ដូចជាបានគ្រប់គ្រង និងដោះស្រាល ផលប៉ះពាល់នៃវិបត្តិជំងឺកូវីដ-១៩ មកលើសង្គម-សេដ្ឋកិច្ចបានល្អប្រសើរ ទោះបីកម្ពុជាមានសមត្ថភាព និង ធនធានមានកម្រិតក្តី។ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងអាចសម្រេច បានក្នុងរង្វង់ប្រមាណ ៥% ក្នុងឆ្នាំ២០២២នេះ និង ប្រមាណ ៦% ក្នុងឆ្នាំ២០២៣ ខាងមុខ ដែលមានកម្រិត ប្រហាក់ប្រហែលគ្នា ទៅនឹងការព្យាករណ៍ របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជា IMF WB និង ADB ផងដែរ។

លោកថា កំណើននេះ ដោយសារភាពរឹងម៉ាំ នៃវិស័យផលិតកម្ម និងការនាំចេញ ជាពិសេសការនាំចេញ ទៅកាន់ទីផ្សារអាមេរិក និងសហភាពអឺរ៉ុប និងការងើបឡើងវិញជាបណ្តើរៗ នៃវិស័យទេសចរណ៍ ព្រមទាំងការស្ទុះឡើង នៃសកម្មភាពសេដ្ឋកិច្ច និងការប្រើប្រាស់ក្នុងស្រុក។ ក៏ប៉ុន្តែសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចតំបន់ និងពិភពលោក បាននិងកំពុងប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជា ធំៗមួយចំនួន ដូចជា ៖ (១).ការកើនឡើងខ្ពស់នៃអត្រាអតិផរណា (២).ការអូសបន្លាយ នៃសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន (៣).ការឡើងថ្លៃប្រាក់ និងអត្រាការប្រាក់ដុល្លារអាមេរិក និងការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុ (៤).ការថមថយសេដ្ឋកិច្ច របស់ប្រទេសចិននិង (៥).ភាពតានតឹង នៃទំនាស់ភូមិសាស្ត្រ នយោបាយ រវាងប្រទេសមហាអំណាច នៅក្នុងតំបន់អាស៊ី។

លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា ទោះត្រូវប្រឈមនឹងហានិភ័យ និងភាព មិនប្រាកដប្រជា ដូចបានគូសបញ្ជាក់ខាងលើ ហើយការរាតត្បាត នៃជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់ក្តី តែរាជរដ្ឋាភិបាល មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រែក្លាយវិបត្តិកូវីដ-១៩ ទៅជាឱកាសសម្រាប់កំណែទម្រង់ស៊ីជម្រៅ សំដៅកសាងប្រព័ន្ធ សេដ្ឋកិច្ចសង្គមឲ្យកាន់តែរឹងមាំ និងធន់ជាងមុនទៅ នឹងវិបត្តិនាពេលខាងមុខ ដោយបានដាក់ចេញនូវ ក្របខ័ណ្ឌយុទ្ធសាស្រ្ត និង កម្មវិធីស្តារនិងជំរុញ កំណើន សេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ ដើម្បីស្ដារ និងពង្រឹងសក្តានុពល នៃចន្ទល់កំណើនសេដ្ឋកិច្ចឲ្យរស់រវើក និងត្រឡប់ទៅគន្លង នៃកំណើនជាសក្ដានុពល ប្រកបដោយចីរភាព និងបរិយាបន្ន លើកកម្ពស់ភាពប្រកួតប្រជែង និងពិពិធកម្មសេដ្ឋកិច្ច ដើម្បីចាប់យកឲ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីជំរុញការនាំចេញ និងការតភ្ជាប់កាន់តែរឹងមាំ ទៅនឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក ។ ក្របខណ្ឌ និងកម្មវិធីស្តារសេដ្ឋកិច្ចនេះ រួមមាន៖
(១)៖ ការស្តារឡើងវិញ (Recovery)៖ ផ្តោតលើការស្តារឡើងវិញនូវវិស័យសំខាន់ៗ ដែលជាសសរស្តម្ភ សេដ្ឋកិច្ចមុនវិបត្តិ ក៏ដូចជាការប្រើប្រាស់ សក្តានុពល ដែលមានឲ្យដល់កម្រិតអតិបរមា ដើម្បីស្តារសេដ្ឋកិច្ចឲ្យវិលត្រឡប់ ទៅរកមាគ៌ា នៃកំណើនខ្ពស់ឡើងវិញ។
(២)៖ ការកែទម្រង់ (Reform)៖ សំដៅលើការបន្តកំណែទម្រង់ លើបញ្ហារចនាសម្ព័ន្ធសំខាន់ៗ រួមមាន ៖ ឡូជីស្ទីក ជំនាញ អគ្គិសនី និងកិច្ចសម្រួល ពាណិជ្ជកម្ម ព្រមទាំងការកែលម្អ បរិយាកាសវិនិយោគ និងធុរកិច្ច។
(៣)៖ ការកសាងភាពធន់ (Resilience)៖ ផ្តោតលើការពង្រឹង ការត្រៀមខ្លួន និងការឆ្លើយតបទៅនឹងវិបត្តិ ឬស្ថានភាពស្រដៀងគ្នា ដែលអាចផ្ទុះឡើង នាពេលអនាគត ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម តាមរយៈការអភិវឌ្ឍប្រព័ន្ធ សុខាភិបាលសាធារណៈ និងការការពារសង្គមដ៏រឹងមាំ ប្រសិទ្ធភាព និងរួមបញ្ចូល ការកែលម្អការ អប់រំ និង ធនធានមនុស្ស ការអភិវឌ្ឍ និងលើកកម្ពស់ SME ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង កាត់បន្ថយផលប៉ះពាល់ នៃការបម្រែបម្រួល អាកាសធាតុ និងការវិនិយោគក្នុងវិស័យឌីជីថល ព្រមទាំងការពង្រឹងសមត្ថភាព ស្ថាប័នសាធារណៈ ឲ្យកាន់តែខ្លាំង ពូកែ និងឆ្លាតវៃ។

គូសបញ្ជាក់ដែរថា វិស័យសាធារណៈពិតជាមានតួនាទីសំខាន់ណាស់ ក្នុងការគ្រប់គ្រងសង្គម-សេដ្ឋកិច្ច ជាពិសេសនៅពេលមានវិបត្តិ ។

លោកក៏បានបន្តទៀតថា រាជរដ្ឋាភិបាលចាត់ទុកសហគ្រាសធុនតូច និងមធ្យម (SMEs) គឺជាវិស័យអាទិភាព នៅក្នុងការធ្វើពិពិធកម្ម និងការរក្សាចីរភាព កំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងរយៈពេលវែង ហើយត្រូវបានបញ្ចូលនៅក្នុងក្របខណ្ឌ និងកម្មវិធីស្តារ សេដ្ឋកិច្ចខាងលើ។

លោកបានគូសបញ្ជាក់ថា ប្រមាណ ៩០% នៃអាជីវកម្មនៅកម្ពុជា គឺមានសណ្ឋាន និងទម្រង់ជា SMEs ក្នុងនោះ 80% ស្ថិតក្នុង វិស័យកម្មន្តសាល វិស័យអាហារ និងភេសជ្ជៈ ។ ជាងនេះទៀត SMEs បានចូលរួមចំណែកប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប, ៧០% នៃការបង្កើតការងារ, ប្រហែល ១៥% នៃចំណូលពន្ធសរុប ប៉ុន្តែមានចំណែកប្រមាណ ១០% នៃការនាំចេញប៉ុណ្ណោះ ។ ហើយ SMEs ភាគច្រើនស្ថិតនៅក្នុងវិស័យក្រៅផ្លូវការ ហើយមានតែប្រហែល ៥% ប៉ុណ្ណោះ ដែលបានចុះបញ្ជីការ។

ស្ថានភាពនេះ បានឆ្លុះបញ្ចាំងពីបញ្ហារចនាសម្ព័ន្ធ ដែល SMEs និងធុរកិច្ចថ្មី (Startups) កំពុងប្រឈម ដែលក្នុងនោះ មានដូចជា៖ (១).បន្ទុកអនុលោមភាព ដូចជាការចុះបញ្ជីអាជីវកម្ម អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត ការចុះបញ្ជីផលិតផល ការចុះបញ្ជីស្តង់ដារ និងការធ្វើអធិការកិច្ច (២).លទ្ធភាពទទួលបានការគាំទ្រ មានកម្រិត ដោយសារ SMEs ភាគច្រើនស្ថិតនៅក្រៅប្រព័ន្ធ និងកង្វះយន្តការសម្រប សម្រួល និងការគាំទ្រពីស្ថាប័នពាក់ព័ន្ធ (៣).លទ្ធភាពទទួល បានហិរញ្ញវត្ថុ មានកម្រិត ដោយសារ SMEs ខ្វះកិច្ចបញ្ជីការហិរញ្ញវត្ថុ ត្រឹមត្រូវ ខ្វះទ្រព្យបញ្ចាំ ខ្វះដើមទុន ក៏ដូចជា ខ្វះប្រភពហិរញ្ញវត្ថុហិរញ្ញវត្ថុ ពិសេសគ្រឹះស្ថានហិរញ្ញវត្ថុកម្រិតកណ្តាលដែលបម្រើដល់តម្រូវការជាក់ស្តែងរបស់ SMEs (៤).បញ្ហាកង្វះជំនាញ និងទេពកោសល្យ (Talent) និង (៥).កត្តាផ្នត់គំនិត និងវប្បធម៌ ដែលមិនចង់ទទួលយកហានិភ័យ ។

លោកបានលើកឡើងថា ទោះបីកន្លងមក គ្រប់តួអង្គពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ ទាំងឯកជន និងដៃគូ បានដាក់ចេញ នូវវិធានការគាំទ្រ និងការសម្របសម្រួល និងសហប្រតិបត្តិការជាបន្តបន្ទាប់ក្តី តែភាគច្រើនមិនមានប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមខាងលើ នៅឡើយ ដែលទាមទារនូវការកែសម្រួល ការតម្រង់ទិស និង ការកែលម្អ កិច្ចការទាំងនេះឡើងវិញថែមទៀត។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយបច្ចុប្បន្ន រាជរដ្ឋាភិបាល បាននិងកំពុង បន្តបង្កើត យន្តការគាំទ្រ ដល់ SMEs ដូចជា៖ គណៈកម្មាធិការសកម្មភាពគោលនយោបាយ លើកស្ទួយសហគ្រាស ធុនតូចនិងមធ្យម ដែលមានលោក អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាប្រធាន និងបានដាក់ចេញវិធានការ លើកស្ទួយ SMEs សម្រាប់រយៈពេល បន្ទាន់ ខ្លី និងមធ្យម, ការពិនិត្យលើការកែសម្រួលឡើងវិញ នូវការលើកទឹកចិត្តដល់ SMEs, ការបង្កើតថ្នាលឌីជីថល CamDX សម្រាប់រក្សា និង ផ្លាស់ប្តូរទិន្នន័យ រវាងស្ថាប័នរដ្ឋ ដើម្បីសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងការបង្កើតធនាគារ សហគ្រានធុនតូច និងមធ្យម ដើម្បីជួយសម្រួល ដល់ការទទួលបាន នូវសេវាហិរញ្ញវត្ថុដល់ SMEs ក្នុងវិស័យអាទិភាព ព្រមទាំងការដាក់ឱ្យដំណើរការ មូលនិធិសហគ្រិនភាព សហគ្រិនខ្មែរ មជ្ឈមណ្ឌលតេជោធុរកិច្ចថ្មី មូលនិធិអភិវឌ្ឍន៍ជំនាញ និងកម្មវិធីថ្នាក់ជាតិស្តីពីធុរកិច្ចថ្មីកម្ពុជា ជាដើម -ល-។

សម្រាប់ជាទិសដៅ នៃកិច្ចសហប្រតិបត្តិការទៅថ្ងៃមុខ លោក វង្សី វិស្សុត បានលើកទឹកចិត្តដល់ EuroCham ក្នុងការបន្តដើរតួនាទីកាន់តែសកម្មថែមទៀត ក្នុងការជំរុញការវិនិយោគពីសភាពអ៊ឺរ៉ុបមកកាន់កម្ពុជា ដែលបច្ចុប្បន្ននៅមានកម្រិតតិចនៅឡើយ ពោលគឺមានប្រមាណ ១ ប៊ីលានដុល្លារប៉ុណ្ណោះ គិតត្រឹមឆ្នាំ២០២១ ធៀបនឹងការវិនិយោគ របស់សហភាពអ៊ីរ៉ុបនៅក្នុងតំបន់អាស៊ាន ដែលមានទំហំ រហូតទៅដល់ជាង ៣០០ ប៊ីលានដុល្លារ (គិតត្រឹមឆ្នាំ២០១៩)។

ទន្ទឹមនឹងនេះ លោកក៏បានស្នើឲ្យមានភាពផ្សារភ្ជាប់គ្នា និងការបំពេញឱ្យគ្នា រវាងជំនួយអភិវឌ្ឍផ្លូវការ (ODA) របស់ EU ជាមួយនឹងការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតថ្នាលវិនិយោគមួយ ឲ្យក្លាយជាអន្តរការីសម្របសម្រួល ចាប់តាំងពីកិច្ចការសិក្សាសមិទ្ធិលទ្ធភាព រហូតដល់ការប្រឹក្សាយោបល់ដល់ វិនិយោគិនដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា ក្នុងគោលដៅទាក់ទាញការវិនិយោគពី EU មកកាន់កម្ពុជាឲ្យកាន់ច្រើន។

ទទ្ទឹមនេះ លោកស្នើដល់ EuroCham ពិចារណាលើការវិនិយោគ លើវិស័យមានសក្តានុពលមួយ ចំនួនដូចជា ៖ វិស័យផលិតកម្ម និងតម្លើងរថយន្ត, វិស័យផលិតកម្មគ្រឿង អេឡិចត្រូនិច, វិស័យកែច្នៃកសិកម្ម និងម្ហូបអាហារ, វិស័យសុខាភិបាល, វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ជាដើម។

គួរបញ្ជាក់ដែរថា គិតមកទល់ពេលនេះ រដ្ឋាភិបាល បានរៀបចំ និងប្រកាសដាក់ ឲ្យអនុវត្តច្បាប់វិនិយោគថ្មី ដែលបានផ្តល់នូវការលើក ទឹកចិត្តពន្ធកាន់តែពិសេស និងទូលំទូលាយ និង បានផ្តល់ការធានា និងការការពារការ វិនិយោគកាន់តែប្រសើរឡើង និងការចូលជាធរមាន នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទាំងទ្វេភាគី និងពហុភាគី ដូចជា RCEP និង FTA រវាងកម្ពុជា-ចិន និងរវាងកម្ពុជា-កូរ៉េខាងត្បូង ព្រមទាំងការអនុម័ត ច្បាប់ភាពជាដៃគូសាធារណៈ និង ឯកជន ដែលនឹងជំរុញ និងគាំទ្រ ដល់ការចូលរួមពី វិស័យឯកជន ដើម្បីអភិវឌ្ឍគម្រោង ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។

ជាងនេះទៅទៀត ក្នុងក្របខណ្ឌវិធានការគាំទ្រ យើងបានខិតខំប្រឹងប្រែង ទប់ទល់នឹងបរិការអតិផរណា នាពេលបច្ចុប្បន្ន ពិសេសការឡើងថ្លៃប្រេង ក៏ដូចជាការរក្សាថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ទូទៅ សំដៅកាត់បន្ថយបន្ទុក ចំណាយរបស់ប្រជាជន និងថ្លៃដើមរបស់ធុរកិច្ច៕