(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៣៖៣០នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រឡេស្ត ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋមន្ត្រីកម្ពុជា។
លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា វ័យ ៧២ឆ្នាំ បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។
លោក ចូហ្សេ រ៉ាមូស អរតា ធ្លាប់បានអញ្ជើញមកប្រទេសកម្ពុជា កាលពីឆ្នាំ២០០៣ ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស និងអញ្ជើញលើកទី២ នៅឆ្នាំ២០១១ ក្នុងតំណែងជាប្រធានាធិបតី។
បន្ទាប់ពីអញ្ជើញដល់ប្រទេសកម្ពុជា លោកប្រធានាធិបតីទីម័រខាងកើត មានបំពេញសកម្មភាពការងារជាច្រើនទៅតាមរបៀបវារៈដែលបានគ្រោងទុក។ នៅថ្ងៃម្សិលមិញលោកប្រធានាធិបតី បានផ្តល់សម្ភាសន៍ដល់សារព័ត៌មាន បន្ទាប់មកលោកបានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
លុះនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកប្រធានាធិបតី ត្រូវបានព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងទទួលបដិសណ្ឋារកិច្ច និងត្រួតពលនៅព្រះបរមរាជវាំង ព្រមទាំងផ្តល់រាជានុញ្ញាតិជួបសវនាការផងដែរ។ នៅព្រឹកថ្ងៃដដែលលោកប្រធានាធិបតី អរតា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៅមណ្ឌបព្រះបរមរូប។
នៅរសៀលថ្ងៃដដែលនេះ លោកប្រធានាធិបតីទីម័រខាងកើត ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ បន្ទាប់មកលោក ក៏អញ្ជើញជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន។
តាមកម្មវិធីដែលបានគ្រោងទុកបន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និងលោក អរតា នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍ និងអនុស្សរណៈនៃការយោគយល់ ស្តីពីពាណិជ្ជកម្មស្រូវរវាងប្រទេសទាំងពីរ។
លោកប្រធានាធិបតី ក៏មានកម្មវិធីផ្សេងទៀត ដូចជា អញ្ជើញធ្វើបាឋកថាសាធារណៈនៅសាកលវិទ្យាល័យល្បីៗ នៅរាជធានីភ្នំពេញ, ផ្តល់បទសម្ភាសន៍ដល់ស្ថាប័នព័ត៌មានក្នុងប្រទេស ក៏ដូចជា ថ្លែងសុន្ទរកថានៅក្នុងវេទិកាកម្ពុជា-ទីម័រខាងកើតលើកទី១ ស្តីពីទេសចរណ៍ និងធុរកិច្ច ដើម្បីការអភិវឌ្ឍ និងសន្តិភាពប្រកបដោយចីរភាពផងដែរ។
នៅថ្ងៃទី២១ ខែតុលា លោកប្រធានាធិបតីទីម័រ ម្ចាស់ពានរង្វាន់ណូប៊ែលសន្តិភាព១៩៩៦ និងជាអ្នកបានបញ្ចប់ការសិក្សានៅសាលាល្បីៗនៅសហរដ្ឋអាមេរិក នឹងអញ្ជើញធ្វើបទបង្ហាញ និងបឋកថានៅសាកលវិទ្យាល័យមួយចំនួនមានដូចជា សាកលវិទ្យាល័យអន្តរជាតិប៊ែលធី សាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។
ក្រសួងការបរទេស បានរំពឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកបណ្ឌិត ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា មកកាន់កម្ពុជា ជាការបន្តពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ៕