(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានបន្តបើកសវនាការលើសំណុំរឿង «រួមគំនិតក្បត់» របស់ទណ្ឌិត សម រង្ស៉ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្រ្គោះជាតិ រួមទាំងបក្ខពួកសរុប ៣៧នាក់។ បន្ទាប់ពីសវនការនៅព្រឹកនេះបិទបញ្ចប់ តុលាការបានសម្រេចបន្តសវនាការជាថ្មី នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។

នីតិវិធីអង្គសវនាការនៅព្រឹកនេះ តុលាការបានបន្តពិនិត្យផ្ទៀងផ្ទាត់ លើរបាយរបស់នគបាលយុត្តិធម៌ និងវត្ថុតាងនានា ដែលពាក់ព័ន្ធក្នុងសំណុំរឿង រួមទាំងបានសាកសួរបន្ថែមលើមន្ត្រីដែលមានតួនាទីប្រមូលនូវរាល់ឯកសារ វត្ថុចាប់យក ដែលជាដើមចមនៃបទល្មើស«រួមគំនិតក្បត់» របស់ទណ្ឌិត សម រង្ស៉ី ហើយក្រុមមន្ត្រីនគបាលយុត្តិធម៌ក៏មានវត្តមានក្នុងអង្គសវនាការនេះដែរ។

សូមបញ្ជាក់ថា នៅក្នុងឯកសារកំណត់ហេតុដែលតុលាការបានលើកយកមកអានគឺភាគច្រើនផ្តោតលើឯកសារពាក់ទណ្ឌិត សម រង្ស៉ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក នុត រំដួល, លោក ម៉ែន សុថាវរិទ្ទ្រ, លោក ឡុង រី, លោក អ៊ូ ច័ន្ទឫទ្ធិ និងលោកហូរ វ៉ាន់ ដែលក្រុមនេះ បានប្រកាសតាមបញ្តាញសង្គម និងសារព័ត៌មានមួយចំនួន ក្នុងការប្រមូលគូកូនឱ្យប្រមូលផ្តុំគ្នារង់ចាំគាំទ្រ និងការពារ លោកស្រី មួ សុខហួ ដែលគ្រោងវិលមកកម្ពុជាវិញ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។ ប៉ុន្តែផែនការនេះបានបរាជ័យជាលើកទី២ បន្ទាប់ពីផែនការលើកទី១ នៃការវិលត្រឡប់អតីតមេបក្សទណ្ឌិត សម រង្ស៉ី បានបរាជ័យម្តងហើយ កាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងកំណត់ហេតុបានកត់សម្គាល់ថា ផែនការវិលត្រឡប់ទាំងពីលើកនេះ គឺមានគោលបំណងដើម្បីកៀរគរមហាជនឱ្យប្រឆាំងអាជ្ញាធរឈានទៅរកការផ្តួលរំលុំរាជរដ្ឋាភិបាលស្របច្បាប់។

នៅក្នុងបន្ទប់សវនាការ គេសង្កេតឃើញវត្តមានជនជាប់ចោទតែ៣នាក់ដដែល។ ពួកគេត្រូវបាននាំខ្លួនចេញពីពន្ធនាគារ(ម១) ដើម្បីមកស្តាប់សវនការ។ ក្រៅពីនេះ លោក សម រង្ស៉ី និងមេខ្លោងដែលជាជនជាប់ចោទក្នុងសំណុំរឿង «រួមគំនិតក្បត់» ដទៃទៀតៗ មិនមានវត្តមានក្នុងបន្ទប់សវនាការទេ។ ក្នុងសវនាការនោះដែរ ក៏មានអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងតំណាងអង្គទូតមួយចំនួនផងដែរ។

សម្រាប់សមាសភាពជំនុំជម្រះវិញមាន លោកស្រី អ៊ុក រ៉េគន្ធា ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ, លោក ធ្ធាំ ប៊ុណ្ណា ចៅក្រមប្រឹក្សា, លោកស្រី យី សុខវួច ជាចៅក្រមប្រឹក្សា និងលោក សេង ហៀង ជាតំណាងអយ្យការ។

បន្ទាប់ពីណើរការអង្គសវនាការអស់ពេញមួយព្រឹកមិនបានបញ្ចប់ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ បានសម្រេចលើកយកសំណុំរឿងនេះ ទៅបន្តសវនាការជាថ្មី នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខទៀត។

សូមរំលឹកថា ករណី «រួមគំនិតក្បត់» នេះ ក្រុមជនត្រូវចោទបានប្រព្រឹត្ត កាលពីកំឡុងឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត ជាមួយនឹងផែនការប្រកាសវិលត្រឡប់មកប្រទេសកម្ពុជា ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

មេខ្លោងក្នុងសំណុំរឿងនេះ រួមមាន ទណ្ឌិត សម រង្ស៉ី, លោក អេង ឆៃអ៊ាង, លោកស្រី មូរ សុខហួរ, លោក នុត រំដួល, លោក ម៉ែន សុថាវរិទ្ទ្រ, លោក ឡុង រី, លោក អ៊ូ ច័ន្ទឫទ្ធិ និងលោកហូរ វ៉ាន់ ផងដែរ។ ក្រៅពីនោះជាសមាជិកអតីតសកម្មជន នៃអតីតគណបក្សសង្រ្គោះជាតិថែមទៀត៕