(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ មានក្ដីសោមនស្សរីករាយជាមួយនឹងការស្រូវពូជ និងស្បៀងអាហារពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលរងគ្រោះដោយសារទឹកជំនន់ឆ្នាំនេះ។
ស្រុកស្ទោងរងការលិចលង់ជំនន់ទឹកភ្លៀងមុនគេមានចំនួន៨ឃុំ ស្មើនឹង៥២ភូមិ គ្រួសារដែលរងប៉ះពាល់មានចំនួន៥,០៥៩គ្រួសារ។ នេះបើតាមលោក សាយ គឹមឡម អភិបាលស្រុកស្ទោង ដែលបានប្រាប់ Fresh News នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
លោកអភិបាលស្រុកស្ទោងបានបន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ប្រមុខរាជរាជរដ្ឋាភិបាលបានផ្តល់ពូជស្រូវចំនួន៣៥,១០០គីឡូក្រាម មានចំនួន៦០៦គ្រួសារ សម្រាប់ធ្វើការដាំដុះពេលទឹកស្រកខាងមុខ និងបានផ្ដល់អំណោយស្បៀងអាហារជូនដល់ប្រជាពលរដ្ឋចំនួន៣,៧០២គ្រួសារ និងអំណោយសប្បុរសជនមានចំនួន១,៤០២គ្រួសារផងដែរ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋក៏បានគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ស្រូវពូជ និងស្បៀងអាហារហូបចុកជូនពួកគាត់ក្នុងពេលជួបការលំបាកដោយសារគ្រោះទឹកជំនន់នេះ។
គួរជម្រាបថា ក្រៅពីការលិចលង់ប៉ះពាល់ដល់ប្រជាពលរដ្ឋ ជំនន់ទឹកភ្លៀងឆ្នាំនេះក៏បានធ្វើឱ្យហេដ្ឋារចនាសម្ពន្ធបានរងការខូចខាតដូចជាផ្លូវមានចំនួន៣៧ខ្សែ ផ្លូវដីសប្រវែង៤,០៧៩ម៉ែត្រ ផ្លូវគ្រោះក្រហមមានប្រវែង៣៣,៥១៨ម៉ែត្រ និងផ្លូវជាតិ៤,១០០ម៉ែត្រ និងផលប៉ះពាល់ដំណាំស្រូវចំនួន៤,១១៤ហិកតា ក្នុងនោះរងការខូចខាតចំនួន៨៩២ហិកតា ហើយផ្ទៃដីដែលបានស្ដារឡើងវិញចំនួន២៥៣ហិកតា៕